ភ្នំេពញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលការវិនិយោគបន្ថែមទៀត ពីសំណាក់ក្រុមអ្នកវិនិយោគចិន និងបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត។
ក្នុងពិធីប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយ ក្រុមកីឡាវាយកូនគោលស្ថានទូតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត»។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។
ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។សម្ដេចថា ការជួបគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ៕