Covid-19

នាយ ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ ៖ នាយទាហាននិង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះបានមកជួបជុំគ្នា ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តដែកថែបចិន ផ្តល់មករាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ។

ពិធីនេះ ប្រព្រឹត្តទៅនៅបរិវេណ បញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អមដំណើរដោយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងនាយទាហានជាន់ខ្ពស់ ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ក្រោយពីភាគីចិន បានដឹកវ៉ាក់សាំង៦០ម៉ឺនដូស មកដល់កម្ពុជាកាលពីថ្ងៃ៧ កុម្ភៈ ក្នុងនោះ បានត្រូវប្រគល់ជូន ក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស ហើយយុទ្ធនាការចាក់វ៉ាក់សាំង ក៏បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃ១០ កុម្ភៈ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ៥ទីតាំង ដូចជា៖
១- មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២- មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត
៤- មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
និង៥- មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព៕

To Top