ភ្នំពេញ ៖ ក្នុងនាមជាមេធាវីម្នាក់ ក្នុងចំណោមមេធាវីផ្សេងទៀត លោកស្រី ម៉េង សុភារី បានបញ្ជាក់ពីភាពស្អាតស្អំ របស់លោក កឹម សុខា ថា គឺលោកមិនបានហាមឃាត់បុគ្គលណាម្នាក់ បង្កើតគណបក្សនយោបាយថ្មីឡើយ ។
លោកស្រីម៉េង សុភារី បានលើកឡើង តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១៥ កុម្ភៈថា “ដើម្បីជៀសវាងការភ័ន្តច្រឡំ ឬបកស្រាយខុស ពីបំណងរបស់ឯកឧត្តម កឹម សុខា នាងខ្ញុំសូមជំរាបថា ឯកឧត្តម កឹម សុខា មិនបានហាមឃាត់ ឬរារាំង ឬចោទប្រកាន់បុគ្គល ឬក្រុមណា ដែលបានបង្កើតបក្សនយោបាយ ឬចង់បង្កើតបក្សនយោបាយថ្មី ស្របតាមរដ្ឋធម្មនុញ្ញទេ” ។
លោកស្រីថា បំណងរបស់លោក កឹម សុខា គ្រាន់តែមិនចង់ឲ្យយកឈ្មោះលោក ទៅប្រើប្រាស់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយ និងអ្នកខ្លះ មិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា «បក្សកែទម្រង់កម្ពុជា» ។ បក្សថ្មីនេះ ត្រូវបានដឹងថា មានលោក អ៊ូ ច័ន្ទរ័ត្ន លោក សុន ឆ័យ លោក មាជ សុវណ្ណារ៉ា និងលោក ប៉ុល ហំម ។
ក្រោយឃើញបែបនេះ កាលពីថ្ងៃ៧ កុម្ភៈ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយ មិនឲ្យអតីតមន្រ្តីបក្សសង្រ្គោះជាតិ ដែលបង្កើតគណបក្សនយោបាថ្មី យកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធជាមួយ៕