ភ្នំពេញ ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែង ឲ្យអ្នកឃុបឃិត ជាមួយអធិការស្រុកកំរៀង ក្នុងករណីដោះលែងមេខ្យល់ នាំពលករខ្មែរ គេចវេះពីការធ្វើចត្តាឡីស័ក ។ នេះបើតាមការផ្សព្វផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការទប់ស្កាត់ការគេចវេះ ធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការ នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅរសៀលថ្ងៃ១៥ កុម្ភៈ លោក ងួន រតនៈ បានលើកឡើងថា នឹងមិនលើកលែង ចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី ដែលនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក ។
ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យពលករគេចវេស ពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹង តាមចាប់ពួកមេខ្យល់នាំពលករ ឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសំឡេង របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។
សូមបញ្ជាក់ថា នៅថ្ងៃ១៥ កុម្ភៈ បន្ទាប់ពីរកឃើញកំហុស របស់លោក គឹម ពន្លក អធិការស្រុកកំរៀង ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែងមេខ្យល់ដោយចិត្តឯង ដែលនាំពលករគេចវេស ពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ន នូវអធិការស្រុកកំរៀងរូបនេះ ។
ក្រោយឃើញករណីនេះ សម្តេចតេជោបានប្រកាសដកតំណែង លោកអធិការស្រុករូបនេះភ្លាម ហើយសម្តេចក៏បានចេញ អនុក្រឹត្យបញ្ចប់មុខតំណែងផងដែរ។
គួររំលឹកថា ចាប់តាំងពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងជាង ៦០០០នាក់ ហើយបានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត ៕