នយោបាយ

វិភាគ: UN ព្រមានយោធាមីយ៉ានម៉ា កុំឲ្យធ្វើសង្គ្រាម ជាមួយប្រជាជនខ្លួនឯង

បច្ចុប្បន្នភាព
លោកស្រី Christine Schraner Burgener ប្រសិតពិសេស របស់អង្គការសហប្រជាជាតិ បានទូរស័ព្ទទៅកាន់លោក Soe Win អគ្គមេបញ្ជាការរងកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា កាលពីយប់ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈនេះ ក្នុងគោលបំណងស្វែងមធ្យោបាយ ក្នុងវិបត្តិនយោបាយ នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោកស្រី Christine Schraner Burgener បានព្រមានថា ប្រសិនបើកងកម្លាំងយោធាមីយ៉ានម៉ា ប្រើប្រាស់អាវុធបង្ក្រាបក្រុមបាតុករ ដែលមានតែដៃទទេ របបសឹករបស់ប្រទេសនេះ នឹងទទួលផលវិបាកមកវិញ ពីសំណាក់អង្គការសហប្រជាជាតិ និងប្រទេសនានានៅជុំវិញពិភពលោក ។

លោកស្រី Christine បានបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅតែបន្តគាំទ្រការតវ៉ាដោយសន្តិវិធី និងស្របច្បាប់របស់ក្រុមប្រជាបាតុករ និងប្រឆាំងដាច់ខាត ចំពោះការបង្ក្រាបក្រុមបាតុករដោយហិង្សា ដែលប្រហាក់ប្រហែលគ្នា ទៅនឹងការធ្វើសង្គ្រាម ជាមួយជនជាតិឯង ដែលមិនគាំទ្រការដឹកនាំរបស់ខ្លួន ។

សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទូទាំងសហភាពមីយ៉ាន់ម៉ា បានថមថយកម្លាំងបន្តិចហើយ ដោយបរិមាណនៃក្រុមបាតុករដែលបានចូលរួមធ្វើបាតុកម្មនៅថ្ងៃនេះ បានថយចុះយ៉ាងច្រើន បើប្រៀបធៀបនឹងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពីរដ្ឋប្រហារ ។

អ្នកជំនាញខាងកិច្ចការអាស៊ី របស់សហរដ្ឋអាមេរិក បាននិយាយថា ក្បួនបាតុកម្មនៅមីយ៉ានម៉ា បានថយចុះនៅថ្ងៃអង្គារនេះ ទំនងដោយសារតែក្បួនបាតុកម្ម បានអូសបន្លាយរយៈពេលយូរ រហូតដល់ជាង១០ថ្ងៃកន្លងមកហើយ ដែលធ្វើអោយប៉ះពាល់ ដល់ស្ថានសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជាបាតុករនៅទូទាំងប្រទេស ។

ម្យ៉ាងទៀត ក្រុមបាតុករមួយចំនួនមានអារម្មណ៍ភ័យខ្លាច អំពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្ម ដោយសារកងកម្លាំងយោធា បានភ្ជង់កាំភ្លើងច្រូងច្រាងចំហ្វូងបាតុករ ដែលមិនប្រាកដថា កាំភ្លើងដែលកងកម្លាំងយោធា បានតម្រង់ទៅក្រុមបាតុករនោះ ជាកាំភ្លើងគ្រាប់ជ័រ ឬជាគ្រាប់កាំភ្លើងពិតប្រាកដនោះទេ ។

ហេតុផលមួយទៀត ចាប់តាំងពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈនេះ កងកម្លាំងយោធារាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស និងមានចល័តរថក្រោះ រថពាសដែក និងគ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទទៀត ដែលទំនងជាកងកម្លាំងយោធា កំពុងរៀបចំគម្រោងបង្ក្រាបក្រុមបាតុករនៅពេលខាងមុខនេះ ។

សូមរំលឹកជូនថា កាលពីឆ្នាំ១៩៨៨ និងឆ្នាំ២០០៧កន្លងទៅ កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមបាតុករ ដែលបណ្តាលអោយមនុស្សរាប់រយនាក់ បានបាត់បង់ជីវិត រាប់ពាន់នាក់បានរងរបួស និងរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន ឬត្រូវបានឃុំខ្លួនក្រោយពីបង្ក្រាប ។

នៅពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែកងកម្លាំងយោធា មិនបានប្រើដៃធ្ងន់ក្នុងការបង្ក្រាបក្រុមបាតុករក៏ដោយ ក៏កងកម្លាំងយោធាបាន ចាប់ខ្លួនក្រុមបាតុករក្នុងក្បួនបាតុកម្ម និងស្រាវជ្រាវចាប់ខ្លួនមេក្លោងក្នុងក្បួនបាតុកម្មជាបន្តបន្ទាប់ ដែលធ្វើអោយក្រុមបាតុករមួយចំនួនភ័យខ្លាច និងមិនហ៊ានចូលរួមធ្វើបាតុកម្មបន្តទៀត ។

ស្របពេលជាមួយគ្នានេះដែរ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងអង្គការនានា បានព្រមានដល់បុគ្គលិកការងាររបស់ខ្លួន មិនអោយចេញទៅធ្វើបាតុកម្មទេ បើបុគ្គលិកណាមួយហ៊ានចេញទៅធ្វើបាតុកម្មជាមួយក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារយោធា បុគ្គលិកនោះ អាចនឹងត្រូវដាក់ទណ្ឌកម្មពីរដ្ឋាភិបាលសឹក ឬពីក្រុមហ៊ុនរបស់ខ្លួន ។

រាល់ចំណុចខាងលើនេះហើយ ដែលជាកត្តាសំខាន់ដែលនាំអោយក្បួនបាតុកម្មប្រឆាំងរដ្ឋប្រហារដោយយោធានៅមីយ៉ានម៉ា បានថយចុះនៅថ្ងៃអង្គារនេះ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមានដដែល មិនទាន់ចប់នៅឡើយទេ ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយអង្គការសហប្រជាជាតិ បានលូកដៃចូលក្នុងវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ានេះ គឺដោយសារប្រទេសសមាជិកអាស៊ានមួយនេះ មានលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីនៅឡើយ ដែលការបើកអោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ទើបនឹងត្រូវធ្វើឡើង កាលពីឆ្នាំ២០១០កន្លងទៅប៉ុណ្ណោះ ។

ការបោះឆ្នោតលើកដំបូង ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៥ ហើយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី និងបានដឹកនាំរដ្ឋាភិបាលស៊ីវិលរហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នាំ២០២០កន្លងទៅ ទើបនោះឆ្នោតអាណត្តិទី២ ។

ការបោះឆ្នោតកាលពីចុងឆ្នាំ២០២០ គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ដោយគណបក្សនេះ បានទទួលអាសនៈក្នុងរដ្ឋសភា ចំនួន៣៩៦អាសនៈ ក្នុងចំណោមអាសនៈសរុបក្នុងរដ្ឋសភាចំនួន៤៧៦ ប៉ុន្តែកងកម្លាំងយោធាមិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ និងបានធ្វើរដ្ឋប្រហារ ។

កងកម្លាំងយោធា បានចោទប្រកាន់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី និងគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ពីបទលួចបន្លំសន្លឹកឆ្នោត តាមរយៈការដាក់បញ្ចូលឈ្មោះកុមារមិនទាន់គ្រប់អាយុ និងមនុស្សចាស់ដែលស្លាប់ទៅហើយ និងទាមទារអោយបង្ហាញបញ្ជីបោះឆ្នោត ប៉ុន្តែរដ្ឋាភិបាលស៊ីវិលមិនព្រមបង្ហាញ ៕
អ៊ី ជិន

To Top