ព័ត៌មានជាតិ

JICA សហការជាមួយ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំ វគ្គបណ្តុះបណ្តាល ធនធានមនុស្ស នៅថ្នាក់ជាតិ និងក្រោមជាតិ

ភ្នំពេញ ៖ លោកស្រី KAMEI Haruko ប្រធានការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ថ្មី ប្រចាំកម្ពុជា បានឲ្យដឹងថា JICA កំពុងសហការជាមួយ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ធនធានមនុស្សនៅ ថ្នាក់ជាតិ និងក្រោមជាតិ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោកស្រី KAMEI Haruko បានថ្លែងថា « JICA កំពុងតែសហការជា មួយក្រសួងមហាផ្ទៃ ដើម្បីរៀបចំកម្មវិធី បណ្តុះបណ្តាលថ្នាក់ជាតិ និងក្រោមជាតិ ។ដោយឡែកចំពោះគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព យល់ឃើញថា ការជួយបណ្តុះបណ្តាលសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ដល់គោលនយោបាយនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

លោកស្រីបន្ដថា បច្ចុប្បន្នសហការីរបស់លោកស្រីកំពុងតែសហការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្នុងកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ។ លោកស្រីកោតសរសើរចំពោះ ការប្តេជ្ញាចិត្តរបស់សម្តេចក្រឡាហោម ក្នុងការអភិវឌ្ឍនធនធានមនុស្ស ដើម្បីបម្រើ ដល់ការធ្វើកំណែរទម្រង់របស់ រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តការរបស់អង្គការ JICA លើគម្រោងនៃការបណ្តុះបណ្តាលធនធានមនុស្ស ។ជាមួយគ្នានេះ សម្តេច ក៏បានលើកឡើង ពីកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការបើទោះបីជាជួបបញ្ហាប្រឈម យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែង ដែលបង្ហាញឲ្យឃើញតាមរយៈ សមទ្ធិផលដូចជា ការរៀបចំការបោះឆ្នោត និងលទ្ធផលនានាដែលសម្រេចបាន ក្នុងកម្មវិធីជាតិ រយៈពេល១០ឆ្នាំ។

សម្តេចចក្រឡាហោម បានបន្ថែមថា នៅពេលនេះ កម្មវិធីជាតិ រយៈពេល១០ឆ្នាំ នៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈ ការគឺបានបញ្ចប់ហើយ ដោយរាជរដ្ឋាភិបាល កំពុងរៀបចំកម្មវិធី១០ឆ្នាំ បន្តទៀត ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលផ្តោតសំខាន់ចំនួន២ រួមមាន ៖ទី១- គឺការផ្ទេរសិទ្ធិអំណាចនិងធនធាន ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-គឺ ការលើកកម្ពស់ សមត្ថភាពធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

លោកស្រី KAMEI Haruko ប្រធានការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ថ្មី ប្រចាំកម្ពុជា/សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
To Top