ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខ្មែរខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ នេះបើតាមការចុះផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង។
លោកថា “បើគ្រាន់តែចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ១៩នេះ” ។

រដ្ឋមន្ត្រីបន្តថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើ ក្នុងស្រុកឲ្យអស់លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗ ដល់ពលករដែលបានបាត់បង់ការងារធ្វើ ។ ដោយបន្ថែមថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួន កុំចេញចូលឆ្លងដែនទៅថៃ ព្រោះប្រទេសមួយនេះ កំពុងមានឆ្លងខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយចំនួន នៃជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក៏បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹង នូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក ដោយឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន។

សូមបញ្ជាក់ថា ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនតាមច្រកនានា ជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត ៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនពីថៃ មានជាង ៣០០នាក់ ៕
