ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានពិភាក្សាអំពីលទ្ធភាព ក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក W. Patrick Murphy កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ កំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។

ជាមួយគ្នានេះដែរ លោក ប៉ាន សូរស័ក្ដិ ក៏បានរំលឹកឡើងវិញអំពី កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញាដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញា មានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជា បានចូលនិងកំពុងសិក្សាចូលជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹង កម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ត កិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។

ក្នុងឱកាសនេះ លោក ប៉ាន សូរស័ក្ដិ និងលោក W. Patrick Murphy ក៏បានពិភាក្សាផងដែរអំពីលទ្ធភាព ក្នុងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ,ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងវិស័យឌីជីថល ,ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការ ត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀត៕
