ព័ត៌មានជាតិ

ក្រុមការងារ បច្ចេកទេស ប.ស.ស. ប្រជុំពិភាក្សា ត្រួតពិនិត្យ លើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីការបង្កើត ក្រុមប្រឹក្សា វេជ្ជសាស្ត្រ មុនអនុម័ត

ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សា វេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គមនេះ ប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ។

ថ្លែងទៅកាន់អង្គប្រជុំ លោកអគ្គនាយក ប.ស.ស. បានណែនាំដល់ក្រុមការងារ បច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ក្នុងការពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. និងដើម្បីកំណត់ អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វពលភាព របស់សមាជិក ប.ស.ស. មានលក្ខណៈច្បាស់លាស់ មុនដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ពិនិត្យអនុម័តសម្រេច ឱ្យស្របទៅតាម គោលនយោបាយជាតិ គាំពារសង្គមកម្ពុជា ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។

សូមបញ្ជាក់ថា បើយោងតាមមាត្រា៤៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចែងថាក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទី ត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា វេជ្ជសាស្រ្តនៃ ប.ស.ស. នេះ គឺត្រូវកំណត់ដោយអនុក្រឹត្យ៕

To Top