ព័ត៌មានជាតិ

គ.ជ.អ.ប. និងអង្គការទស្សនៈពិភពលោក ដាក់ឲ្យអនុវត្តគម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា (WVIC) នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសហការគ្នារៀបចំ ពិធីសម្ពោធការដាក់ឲ្យអនុវត្ត គម្រោងគាំទ្រផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ ដែលមានទំហំទឹកប្រាក់ ចំនួន៩,៦លានដុល្លារ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញ។

សូមជម្រាបថា ក្នុងពិធីដាក់សម្ពោធឲ្យ អនុវត្តគម្រោងនេះក្រោមគណៈអធិបតីភាព លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្ត ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) និងលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប។

សូមបញ្ជាក់ថា គម្រោងចំនួន២ ត្រូវប្រកាសឲ្យអនុវត្តជាផ្លូវការ ក្នុងនោះរួមមាន៖ ទី១-គម្រោងសមាហរណកម្មគណ នេយ្យភាព សង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប. និងទី២- គម្រោង ការផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវ សេវាសាធារណៈតាមរយៈការងារគណ នេយ្យភាពសង្គម អនុវត្តដោយអង្គការទស្សនៈពិភពលោក ដែលគម្រោងទាំង២នេះ ទទួលបានការគាំទ្រថវិកាពីមូលនិធិបរធនបាលកិច្ច គ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ក្រោមការផ្តល់ហិរញ្ញប្បទាន ពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស សរុប ចំនួន ៩,៦លានដុល្លារអាមេរិក។

ជាងនេះទៅទៀត គម្រោងទាំងនេះ ជួយគាំទ្រដល់ការអនុវត្តរយៈពេល ៥ឆ្នាំ ដល់ផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៣)។

សូមរំលឹកថា គម្រោងគាំទ្រផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី១ (២០១៦-២០១៨) បានអនុវត្តលើ វិស័យ ចំនួន៣រួមមាន ៖ ,រដ្ឋបាលឃុំ ,សាលាបឋមសិក្សា និងមណ្ឌលសុខភាពដែលគ្របដណ្ដប់ លើស្រុកគោលដៅចំនួន ៩៨ នៃខេត្តចំនួន១៨ ៕

To Top