ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យប្រទេសហ្វីលីពីន ពិនិត្យលទ្ធភាពជួយទិញ ផលិតផលកសិកម្មបន្ថែម និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀត ពីកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ កាលពីរសៀលថ្ងៃទី១៧ កុម្ពៈ លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានលើកឡើងពីទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរដែលកន្លងមក មានការរីកចំរើនជាលំដាប់ តែកំណើននេះបានថយចុះបន្ដិចបន្តួច ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
លោកស្រីទូត បានស្ងើចសរសើរកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី។

ក្នុងកិច្ចជំនួបនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី លោករដ្ឋមន្រ្ដី បានស្នើសុំភាគីហ្វីលីពីនឱ្យពិនិត្យ មើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀងគរធុរជនហ្វីលីពីន មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម សម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។
ជាការឆ្លើយតប លោកស្រីទូត បានថ្លែងថា គោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យ របស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈ យន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។ ទន្ទឹមនឹងនេះ ភាគីហ្វីលីពីនក៏បានជម្រាបថា រដ្ឋាភិបាលហ្វីលីពីន បានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួន សម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះ មកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួល ជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានស្នើសុំឱ្យធុរជនហ្វីលីពីន ពិនិត្យលទ្ធភាពនាំចេញផលិតផល កសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗ ផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។

លោករដ្ឋមន្រ្ដី ក៏បានជំរុញឱ្យសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម អន្ដរជាតិរបស់កម្ពុជា ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំងបន្ថែមទៀត ៕
