ព័ត៌មានជាតិ

ប្រធានគណបក្សយុវជនកម្ពុជា៖ អំពើពុករលួយ គឺជាជីដាក់ឲ្យភាពអយុត្តិធម៌លូតលាស់លឿន

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា អំពើពុករលួយ គឺជាជីដាក់ឲ្យភាពអយុត្តិធម៌ លូតលាស់លឿនធ្វើឲ្យកើតឡើងនូវសង្គមងងឹត ស្របពេលព្រះច័ន្ទនិងព្រះអាទិត្យនៅពនេចរនៅឡើយ។

លោក ពេជ្រ ស្រស់ បានសង្កត់ធ្ងន់បន្ថែមថា នៅក្នុងសង្គមជាតិមួយ បើមិនអាចកម្ចាត់អំពើពុករលួយបានទេ គឺជាកំហុសរបស់មេដឹកនាំសង្គមគ្រប់ជាន់ថ្នាក់ ហើយកំហុសរបស់មេដឹកនាំក្នុងសង្គមជាតិនោះ មានពីរយ៉ាងដូចតទៅនេះ៖ កំហុសទី១, គឺមេដឹកនាំក្នុងសង្គមពុករលួយ អសមត្ថភាពគ្រប់គ្រងមន្រ្តីក្រោមឱវាទ ពីថ្នាក់ក្រោមដល់ថ្នាក់កំពូល និងគ្មានគោលការណ៍ អនុវត្តច្បាប់ឲ្យបានម៉ឺងមាត់ ដោយយកការគ្រប់គ្រង សង្គមនិយមបក្ខពួក រហូតចិញ្ចឹមមន្រ្តីលោភលន់ ក្នុងជួរការដឹកនាំរបស់ខ្លួន ក្លាយទៅជាជង្រុកសត្វខ្មួត កំហុសទី២, គឺមេដឹកនាំក្នុងសង្គមពុករលួយគ្រប់ជាន់ថ្នាក់ ចូលរួមនិងបើកដៃឲ្យមានអំពើពុករលួយ គឺគិតអំពីផលប្រយោជន៍ផ្ទាល់ ធំជាងផលប្រយោជន៍រួម ហើយថែមទាំងមិនខ្វល់ពីយុត្តិធម៌សង្គមឡើយ ជាពិសេស ពួកទាំងនោះ
ធ្វើអាជីវកម្មលើសេចក្តីទុក្ខសោក នៃពលរដ្ឋខ្លួនឯងដោយ មិនគិតពីសុខមាលភាព សង្គមមនុស្សនោះឡើយ ហើយសង្គមពុករលួយ តែងតែដណ្តើមឈាមរាស្រ្តហុត មិនខ្វល់ថាឈាមរាស្រ្តអ្នកមាន ឬក៏ឈាមរាស្រ្តអ្នកក្រនោះទេ។

ប្រធានគណបក្សយុវជនកម្ពុជាអះអាងថា “សង្គមពុករលួយ នឹងបាត់បង់យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំពីក្រុមមនុស្សជំនាន់ថ្មី ដែលផ្តល់តម្លៃ ដល់មនុស្សគ្រប់គ្នាជាគ្រួសារតែមួយ និងស្គាល់ពីភាពឈឺចាប់ របស់មនុស្សទាំងពួង សង្គមមួយ ដែលដឹកនាំដោយរូបខ្ញុំបាទពេជ្រ ស្រស់ ផ្ទាល់ គឺ ខ្ញុំធានា មិនឲ្យមានអំពើពុករលួយបំផ្លាញសង្គម និងបំផ្លាញប្រជាពលរដ្ឋណា1នោះឡើយ ដោយគណបក្សយុវជនកម្ពុជា នឹងដឹកនាំប្រទេសប្រកាន់យក គោលការណ៍អនុវត្តច្បាប់ស្មើភាពជាគោលធំកំពូល ហើយដាក់ពិន័យឲ្យតឹងរឹងបំផុត លើជនទាំងឡាយណា ប្រព្រឹត្តិអំពើពុករលួយនៅក្នុងសង្គម ដឹកនាំដោយខ្ញុំបាទ ព្រោះថា ថ្នាក់ដឹកនាំរបស់គណបក្សយុវជនកម្ពុជា ស្គាល់ការឈឺចាប់របស់មនុស្ស និងស្គាល់ពីភាពវិនាសសកម្មនៅក្នុងសង្គម កើតពីអំពើពុករលួយយ៉ាងច្បាស់”៕

To Top