ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានរៀបចំពិធី ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កងកម្លាំងកងទ័ពជើងទឹក និងមន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលធ្វើឡើង ដោយស្ម័គ្រចិត្ត តាមការកំណត់ របស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ។

ក្នុងនោះដែរ កងកម្លាំងទាំងអស់ ដែលទទួលបាន ការចាក់វ៉ាក់សាំង កូវីដ១៩នេះ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំង ដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជំហានដំបូង ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ ត្រូវបានបែងចែក ទៅក្រសួងការពារជាតិ ៣០ម៉ឺនដូស និងក្រសួងសុខាភិបាល ៣០ម៉ឺនដូស។
៣០ម៉ឺនដូស ដែលប្រគល់ជូន ក្រសួងការពារជាតិ គឺប្រើសម្រាប់ចាក់ជូន កងកម្លាំងប្រដាប់អាវុធ មានទាហាន កងរាជអាវុធហត្ថ និងនគរបាលជាតិ។ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា៕













