ព័ត៌មានជាតិ

សិស្សសាលាជិះ រថយន្តពាក់ផ្លាកលេខ នប និងបំពាក់ស៊ីរ៉ែនទៅសាលារៀន ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅមកអប់រំ (Video)

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រារកឃើញអត្តសញ្ញាណ សិស្សសាលាជិះរថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ទៅសាលារៀន និងអ្នកពាក់ព័ន្ធករណីនេះ ២នាក់ផ្សេងទៀត។ជាមួយគ្នានោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យពួកគេធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈផងដែរ។

សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន មនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្ត ផ្លាកលេខនបទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្ត ត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភា នគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បន្ទាប់ពីបានការរាយការណ៍ ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយ ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវឲ្យបានដឹងច្បាស់ អំពីព័ត៌មានដែលបានចុះផ្សាយ នេះ ក្រោយពីធ្វើការចុះស្រាវជ្រាវដល់ ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថាពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែន មកសាលារៀនពិតប្រាកដមែន ។

រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ ចរាចរណ៍ផ្លូវគោកបានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរដើម្បីធ្វើការសួរនាំ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូបខាងលើ ត្រូវបានសមត្ថកិច្ចនៃ ការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លើករណីប្រើប្រាស់រថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែនជិះទៅសាលារៀន ។

តាមចម្លើយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគាត់ពិតជាបានយករថយន្តបងប្រុស របស់គាត់ដែលពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន ។ តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ ពីការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខ នប 2. 8763 មិនមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដើមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ (បច្ចុប្បន្នជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នើសុំធ្វើផ្លាកលេខនប យកមកបំពាក់លើរថយន្តឯកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យ មិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាលនៅ រាជបណ្ឌិតសភានគរបាលជាតិ ។ អ្នកព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួនដែលបាន អនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រើប្រាស់ រថយន្តពាក់ផ្លាកលខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។

ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈរួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹង ការលក់ដូររថយន្តផ្លាកលេខ នប និងការប្រើប្រាស់រថយន្ត ពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដោយជនស៊ីវិល ដែលមិនមែនជាសមត្ថកិច្ច ។

ម្យ៉ាងវិញទៀតដោយរថយន្តនេះ មិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍ នឹងធ្វើការដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះទៅប្រើប្រាស់ ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វើការដកហូត ផ្លាកលេខ នប មករក្សាទុកមិនអនុញ្ញាតឲ្យប្រើប្រាស់ បន្តទៀតឡើយ ។ ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូន ទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដើម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំង ចំពោះកំហុសនេះផងដែរ ៕

To Top