ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ប្រតិកម្មអ្នក និយាយថា រាជរដ្ឋាភិបាលមាន គោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនាអ្នកប្រើប្រាស់ តាមប្រព័ន្ធអ៊ីនធឺណិត

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារ អ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់អង្គការ ក្រៅរដ្ឋាភិបាលដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណង ចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាមគំរូរបស់ប្រទេសចិន ។

តាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ី នៅថ្ងៃ១៧ កុម្ភៈ បានឲ្យដឹងថា “អ្នកជំនាញ សារព័ត៌មានថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិរបស់រដ្ឋាភិបាល មានការរឹតត្បិតតាមបែបប្រទេសចិន”។

ជាមួយគ្នានោះដែរ នាថ្ងៃ១៩ កុម្ភៈនេះ ក៏មានក្រុមអង្គការ៦២ បានរួមគ្នាចេញសេចក្តីថ្លែង ការណ៍មួយដោយសម្តែងការព្រួយបារម្ភ។ សេចក្តីថ្លែងការណ៍បានស្នើសុំឲ្យរាជរដ្ឋាភិបាល និរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ សេចក្តីថ្លែងការណ៍អះអាងថា នៅពេលអាជ្ញាធរអនុវត្តអនុក្រឹត្យនេះ នឹងរឹតត្បិតទៅលើសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការទទួលបានព័ត៌មាន សិទ្ធិលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំង ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃ១៩ កុម្ភៈ បានឆ្លើយតបទៅនឹងក្តីបារម្ភទាំងនោះថា ការចោទប្រកាន់ អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ គឺគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណងដែលបានចែងក្នុងអនុក្រឹត្យនេះ។ ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើត នៅកម្ពុជានោះទេ។

លិខិតបន្តថា ការរៀបចំអនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះយោបល់ជាមួយ អ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក ហើយការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃ ការប្រមូលចំណូលជាតិដោយផ្អែកលើ គោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់ បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។

ជាងនេះទៅទៀត ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានបញ្ជាក់ជាថ្មីថា “មិនមានបទបប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៦ កុម្ភៈសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ ក្នុងគោលបំណងគ្រប់គ្រងរាល់ ការតភ្ជាប់បណ្ដាញអ៊ីនធឹណិតនៅកម្ពុជា ដើម្បីការពារសន្តិសុខជាតិ និងថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម។

បើយោងតាមស្ថិតិនិយ័តករទូរគមនាគមន៍កម្ពុជា អ្នកប្រើប្រាស់សេវាអ៊ិនធឹណិត គិតត្រឹមខែសីហា ឆ្នាំ២០២០ មានចំនួន ១៥.២៦២.៥២៦នាក់ និងបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ផ្គត់ផ្គង់សេវាអ៊ិនធឹណិត ៣៨ក្រុមហ៊ុន៕

To Top