ព័ត៌មានជាតិ

សម្តេច សាយ ឈុំ ស្នើហ្វីលីពីន ជួយលើកទឹកចិត្តអ្នកទេសចរ និងវិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើហ្វីលីពីន ជួយលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគិនហ្វី លីពីន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត ហ្វីលីពីនថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច សាយ ឈុំ សង្ឃឹមថា បន្ទាប់ពីបញ្ចប់ជំងឺកូវីដ-១៩ យន្តការនេះនឹងបន្តដំណើរការដែលនឹងជួយជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់វិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទសទាំងពីរ។

សម្ដេច មានប្រសាសន៍ថា «ស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួយចលនា និងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោ គិនហ្វីលីពីនមកបណ្តាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា និងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បន្ថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។

ឆ្លៀតឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយ ប្រជាជនហ្វីលីពីន ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដែលបានបង្កើតសភាពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ ហើយបន្ទាប់ពីជំងឺកូវីដ១៩នេះ ផុតរលត់ទៅ សភាពាណិជ្ជកម្មនេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

លោកស្រីក៏បានសន្យាថា នឹងខិតខំចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពីព្រោះកត្តាធនធានមនុស្ស មានសារសំខាន់ណាស់ សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន។ ក្រៅពីនេះ ប្រទេសហ្វីលីពីន បានផ្តល់អាហាររូបករណ៍ដល់និសិ្សតកម្ពុជា ទៅសិក្សាវិស័យវិទ្យាសាស្ត្រ និងវិស័យផ្សេងៗទៀត នៅប្រទេសហ្វីលីពីន។

បន្ថែមពីនេះទៀត លោកស្រីបានសន្យាផងដែរថា នឹងខិតខំប្រឹងប្រែង ស្វែងរកអាហារូបករណ៍បន្ថែមទៀត សម្រាប់និសិ្សតកម្ពុជា ព្រមទាំងសហការ រៀបចំវគ្គបណ្តុះបណ្តាល តាមរយៈស្ថាប័នអប់រំនៅកម្ពុជា៕

To Top