ព័ត៌មានជាតិ

មន្រ្តីជំនាញពាក់ព័ន្ធ អះអាងថា បឹងយក្ខឡោម​ មានសភាពល្អក់ អាចជាកត្តាបាតុភូត ធម្មជាតិ,​ ធ្លាប់កេីតមានម្តង​នៅ​ ឆ្នាំ២០១១

ភ្នំពេញ៖​ បឹងយក្ខឡោម​ស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយ​ ដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ​ មកទស្សនាកំសាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះ​ ពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។

លោក​ ខៀវ​ កាញ៉ារីទ្ធ​ រដ្ឋមន្រ្តី​ ក្រសួងព័ត៌មាន​ បានបង្ហាញនៅលេីហ្វេសប៊ុក​ ផ្ទាល់របស់លោកថា​ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹង​ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា ភាពល្អក់របស់បឹងយក្ខឡោម​ អាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកថាកាលពី១០ឆ្នាំមុន​ ពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះ​ ក៏​មានសភាពល្អក់ដូចគ្នានេះដែរ។ ហើយវាបានថ្លា​ ទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មកគឺ បឹងលំកុដ​ និងបឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដាស្រុកលំផាត់ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យ​ តាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេតែតាមកត់សម្គាល់
របស់លោក អោយតែប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺបឹងយក្ខឡោមក៏មានសភាពល្អក់ដែរ។ លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹង លំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមាន​ អ្វីប៉ះពាល់ដល់បរិស្ថាន​ ធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹក​ លេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ចំណែក លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអះអាងស្រដៀងគ្នានេះដែរ គឺជាបាតុភូតធម្មជាតិ គឺកើតឡើង១០ឆ្នាំម្តង ពេលនេះផ្ទៃមានសភាពថ្លាទៅវិញជាបណ្តើរៗហើយ​ ។

ដោយឡែកយោងតាមមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្ត ក៏បានអោយដឹងផងដែរថាបឹងយក្សឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹង បន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោមដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕

To Top