Covid-19

សមត្ថកិច្ចចុះបិទក្លឹប កំសាន្តខារ៉ា ឡូហ្សិត២ នៅតាខ្មៅ ក្រោយរកឃើញ បុគ្គលិកម្នាក់ ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ បុគ្គលិកក្លឹបខារ៉ាអូខេឈ្មោះឡូហ្សិត២ ចំនួន៧៤ នាក់ (ប្រុស១១នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកលពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏បានអាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) ផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការបិទនេះ បន្ទាប់ពីរកឃើញ ប្តីរបស់ស្រ្តីម្នាក់ធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញមានផ្ទុកជំងឺកូវីដ-១៩ ។

តាមការឲ្យដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិត២នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា ការចុះបិទទីតាំងខារ៉ាអូខេឡូហ្ស៊ិត2នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក  និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។

ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្តឡូហ្សិច២ ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកល្ពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

To Top