ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង ពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ ព្រោះកម្ពុជា មានសាក្សីសំខាន់ៗចំនួន ២ គឺអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការ ត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។
ការថ្លែងបកស្រាយ របស់លោករដ្ឋមន្រ្តីនេះ ក្រោយមានការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីដ-១៩។ លោកថា នេះជាការផ្សាយព័ត៌មានមិនពិត ព្រោះកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ គណៈកម្មាធិការត្រួតពិនិត្យ ជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីដ១៩ នេះបានឡើយ។ នេះជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ ក្នុងកិច្ចប្រជុំ ប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកបានបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យជំងឺ ឆ្លងសហរដ្ឋអាមេរិក CDC បានធ្វើកិច្ចការងារនេះច្បាស់លាស់ មិនអាចភូតកុហក់រដ្ឋាភិបាល របស់គេនោះទេ ។ ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការ សុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯង ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះបាននោះទេ។ ស្ថាប័នអន្តរជាតិធំៗ២ នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបាន លាក់បាំងព័ត៌មាននោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕