ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែនចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ខណៈនគរបាលការពារ នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ និងដោះស្រាយបន្តទៀត។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន ចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ហើយសម្រាប់នគរបាលការពារនៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយបន្ត គឺមិនមែនត្រឹមតែដោះស្រាយបញ្ហានៅចំពោះមុខនោះទេ»។
សម្ដេចបានចាត់ទុក កងកម្លាំងនគរបាលការពារព្រំដែន ជាកម្លាំងឈរនៅជួរមុខជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ សម្ដេចបន្តថា ការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន ជាកិត្តិយស និងជាមោទកភាពរបស់ក្រសួងមហាផ្ទៃដែលរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្ត ផ្ដល់តួនាទីរួមជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី បន្ថែមពីលើភារកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈនៅក្នុងប្រទេស។
សម្ដេចបានបញ្ជាក់ថា ដើម្បីឲ្យស្របតាមតួនាទីដ៏មានសារៈសំខាន់ និងតបតាមការទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធចាំបាច់រួមគ្នាគាំទ្រកងកម្លាំងនគរបាលការពារព្រំដែនឲ្យមានភាពរឹងមាំ ការតាំងចិត្តច្បាស់លាស់ ព្រមទាំង ដោះស្រាយបញ្ហានានាផងដែរ។
ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍ ពីរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារព្រំដែន ដោយលើកឡើងថា ចំពោះការងារទប់ស្កាត់ជំងឺកូវីដ១៩ មានការពង្រាយកម្លាំងនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការគេចវេះរបស់ពលករដែលចូលមកកម្ពុជា ក៏ដូចជាពលករដែលបម្រុងចេញពីប្រទេស៕