ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់អង្គភាពក្រោមឱវាទរបស់ក្រសួងត្រូវចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
យោងតាមសេចក្ដីណែនាំក្រសួងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តដូចខាងក្រោម៖
ទី១-រាល់បេសកកម្ម ក្នុងប្រទេសត្រូវផ្អាករយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះ តទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយល់ព្រមពី រដ្ឋមន្ត្រីក្រសួងអប់រំ។
ទី២-រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តតាមបែបអនឡាញ។
និងទី៣-អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាព សុខភាពមន្ត្រីរបស់ខ្លួន ក្នុងករណីបុគ្គលិកអប់រំរូបណាមានការសង្ស័យ ឬមានរោគសញ្ញាស្រដៀងនឹង ជំងឺកូវីដ ១៩ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ ១១៥។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៦នាក់ និងអ្នកជំងឺចំនួន១៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕