ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋគួរតែត្រូវខិតខំ ចាប់យកនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យា។
ការបញ្ជាក់របស់សម្តេចតេជោនេះ ធ្វើឡើងក្នុងសារលិខិតនាឱកាសអបអរសារទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អបជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
ការថ្លែងជំរុញរបស់រាជរដ្ឋាភិបាលនេះ ដោយសារការរីករាលដាលនៃជំងឺវីដ-១៩ជាសកល បានជំរុញឲ្យប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន ។ រីឯនិយោជិក បុគ្គលិកក៏គួរគិតគូរផងដែរ អំពីការពង្រឹងសមត្ថភាពជំនាញ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័ស នៃចរន្តសេដ្ឋកិច្ច។ ក្នុងនោះ ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារដែលនៅពេលខាងមុខ ទីផ្សារនេះ នឹងកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី ។
សម្តេចគូសបញ្ជាក់ថា “ប្រជាពលរដ្ឋ ត្រូវបន្សំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវដឹងនិងជ្រាបអំពីឥទ្ធិពលនិងផលប៉ះពាល់ និងវិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ និងគោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋក៏គួរតែត្រូវខិតខំចាប់យកនិន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ (រៀនអនឡាញ , ទិញអនឡាញ .….”។
សម្តេចតេជោបានថ្លែងបន្តថា សហគ្រិន និយោជកគួរគិតគូរ អំពីគំរូអាជីវកម្មប្រភេទថ្មី ជាមួយដំណោះស្រាយឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ខណៈបច្ចុប្បន្នសកលលោកបានផ្លាស់ប្តូរទៅរករបត់ថ្មីដែលបច្ចេកវិទ្យាឌីជីថលបាននាំមកនូវវិធីសាស្ត្រ អនុវត្តថ្មី ទម្លាប់ថ្មី ការរស់នៅ និងជីវិតថ្មី៕