ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ផ្អាកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅ ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ និងការអនុវត្តកិច្ចការបន្ដរបស់រដ្ឋបាលរាជធានី-ខេត្ត។

សូមជម្រាបថា កន្លងមក ក្រសួងមហាផ្ទៃ គ្រោងរៀបចំសន្និបាតត្រួតពិនិត្យaលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារស្ថានភាពនៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធ្វើឱ្យការរៀបចំកម្មវិធីសន្និបាតខាងលើ នេះមិនអាចប្រព្រឹត្តទៅបាន។

ក្នុងសេចក្ដីជូនដំណឹង បញ្ជាក់ថា ដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់រាជធានី-ខេត្តនីមួយៗ ក្រសួងមហាផ្ទៃ ធ្វើការណែនាំដល់ អភិបាល រាជធានី-ខេត្ត ដូចតទៅ ៖

១.ក្រសួងមហាផ្ទៃនឹងផ្ញើរបាយការណ៍ស្តីពី លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅ ការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ សុន្ទរកថាបើកសន្និបាត និងរបាយការណ៍ស្តីពី លទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០ ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្តនីមួយៗ រៀបចំផែនការ សកម្មភាពអនុវត្តឆ្នាំ២០២១ ។

២.ប្រគល់សិទ្ធិជូនអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រគល់រង្វាន់ជ័យ លាភីប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មាន សុវត្ថិភាព” ឆ្នាំ២០២០ ជូនដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងរាជធានី ខេត្តនីមួយៗ ។ ដើម្បី បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រគល់រង្វាន់ជ័យលាភីនេះ ត្រូវ ផ្តល់ជូនឃុំ សង្កាត់នីមួយៗ ដោយឡែកពីគ្នា ដោយមិនត្រូវរៀបចំការជួបជុំទ្រង់ទ្រាយ ធំ ដែលមានអ្នកចូលរួមច្រើននោះឡើយ ។

៣. ចំពោះការអនុវត្តចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តជំរុញអនុវត្តតាមគោលការណ៍ណែនាំដែលមាន ស្រាប់រហូតដល់ក្រសួងមហាផ្ទៃមានការណែនាំជាថ្មី៕

To Top