ព័ត៌មានជាតិ

កម្ពុជា នៅតែបើកចំហរសម្រាប់ការពិភាក្សា លើការនាំចេញអង្ករ ទៅទីម័រខាងកើត

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតថា កម្ពុជានៅតែបើកចំហរ សម្រាប់ការពិភាក្សាលើការនាំចេញអង្ករ ទៅទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ ខណៈអង្ករកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ជាអង្ករមានគុណភាពខ្ពស់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរនៅថ្ងៃទី២៥ កុម្ភៈ បានឲ្យដឹងថា ក្នុងជំនួបរវាងលោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តាមប្រព័ន្ធវីដេអូ បានពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម និងឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលមានស្រាប់។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីថា «កម្ពុជានៅតែបើកចំហរសម្រាប់ការ ពិភាក្សាលើការនាំចេញអង្ករ ទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថា អង្ករកម្ពុជាត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាអង្ករមានគុណភាពខ្ពស់» ។

ជាមួយគ្នានេះ លោកស្រីកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសេដ្ឋកិច្ចដ៏លេចធ្លោ និងមានបំណងចង់សិក្សាបទពិសោធន៍ និងការអនុវត្តល្អៗ ពីកម្ពុជា។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានអញ្ជើញ លោកស្រីរដ្ឋមន្ត្រី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាល។លោក ប្រាក់ សុខុន ក៏បានអបអរសាទរដល់ទីម័រខាងកើត ដែលទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

ជាមួយគ្នានោះលោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ទោះបីជាពេលនេះ កម្ពុជាកំពុងប្រឈមនឹង «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍» ឬហៅថា «ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ» ក៏ដោយ។ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ម៉ាស់ចំនួន ១លាន និងបរិក្ខារវេជ្ជសាស្រ្តមួយចំនួន ជូនដល់រដ្ឋាភិបាល និងប្រជាជនទីម័រខាងកើត កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

To Top