បបច្ចុប្បន្នភាព
របាយការណ៍ដដែលបានបន្តថា ទោះបីជាប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក មានកំណើនសេដ្ឋកិច្ចដើរថយក្រោយកាលពីឆ្នាំ២០២០កន្លងទៅ ដោយសារការឆ្លងរាលដាលវីរុសCovid-19ក៏ដោយ ក៏ការចំណាយលើវិស័យការពារជាតិមិនមានការថយចុះដែរ ។
កំណើននៃការចំណាយលើវិស័យការពារជាតិនៅទូទាំងពិភពលោកបានកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០០១កន្លងទៅ ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណជាង១,១៥សែនកោដិដុល្លារអាមេរិក (1.15 trillion US dollars) និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ។
គិតត្រឹមថ្ងៃទី១ ខែធ្នូ ចុងឆ្នាំ២០២០កន្លងទៅ ពិភពលោក បានចំណាយថវិកាសរុបលើវិស័យការពារជាតិជាទឹកប្រាក់ប្រមាណ១,៩២សែនកោដិដុល្លារ (1.92 trillion US dollars) ដែលជាចំនួនទឹកប្រាក់ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ ។ប្រទេសមហាអំណាចពិភពលោក មានសហរដ្ឋអាមេរិក និងប្រទេសចិនជាដើម បានបង្កើនការចំណាយថវិកាលើវិស័យការពារជាតិរបស់ខ្លួនកាន់តែច្រើន ដែលរុញច្រានកំណើនទឹកប្រាក់សរុប កើនឡើង៤%កាលពីឆ្នាំ២០១៩ និង៤%កាលពីឆ្នាំ២០២០កន្លងទៅ ។
ធនាគារពិភពលោកបានកត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់នានានៅទូទាំងពិភពលោក បានទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលវីរុសCovid-19ចាប់តាំងពីដើមឆ្នាំ២០២០ និងអូសបន្លាយរហូតដល់ពេលបច្ចុប្បន្ននេះ ប៉ុន្តែមេដឹកនាំប្រទេស និងតំបន់នៅលើពិភពលោក មិនបានកាត់បន្ថយការចំណាយលើវិស័យការពារជាតិរបស់ខ្លួននោះទេ គឺនៅតែបន្តបង្កើនការចំណាយទៅតាមគម្រោង ។
វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) ហៅកាត់ថា IISS បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ ដែលមានខ្លឹមសារថា ជិត២ភាគ៣នៃថវិកាក្នុងខ្ទង់ចំណាយសរុបលើវិស័យការពារជាតិសកល ជាចំណែករបស់សហរដ្ឋអាមេរិក និងប្រទេសចិន ។
IISS បានបន្ថែមថា ការចំណាយរបស់ចិន គឺស្មើនឹង១០%នៃការចំណាយលើវិស័យការពារជាតិសរុបនៅទូទាំងពិភពលោក ហើយចិនក៏ជាចលករមួយក្នុងការរុញច្រានអោយការចំណាយលើវិស័យការពារជាតិនៅតំបន់អាស៊ី កើនឡើងខ្ពស់ជាលំដាប់ស្មើនឹង២៥%នៃការចំណាយសរុបនៅជុំវិញពិភពលោក ។
ចំណែកបណ្តាប្រទេសនៅសហភាពអឺរ៉ុបវិញ ក៏នៅតែបន្តបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រាខ្ពស់ដែរ ទោះបីជាតំបន់មួយនេះ មានសេដ្ឋកិច្ចដើរថយក្រោយយ៉ាងខ្លាំងកាលពីឆ្នាំ២០២០ ដោយសារការឆ្លងរាលដាលវីរុសCovid-19ក៏ដោយ ។
ដើមចមនាំអោយកើតរឿង
សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងជាញឹកញាប់ទៅកាន់សមុទ្រចិនខាងត្បូង ជាទីដែលប្រទេសចិន បានអះអាងជាដែនទឹកកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន ដែលសកម្មភាពនេះ បានធ្វើអោយចិនក្តៅក្រហាយ និងព្យាយាមបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនតាមរយៈការចំណាយកាន់តែច្រើនលើកងទ័ពជើងទឹក ។