ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិប្រចាំសប្ដាហ៍ (វិដេអូ)

រដ្ឋមន្រ្តីព័ត៌មាន ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ ដោយសារជំងឺកូវីដ១៩ បានឡើយ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង ពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ ព្រោះកម្ពុជា មានសាក្សីសំខាន់ៗចំនួន ២ គឺអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការ ត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។

ការថ្លែងបកស្រាយ របស់លោករដ្ឋមន្រ្តីនេះ ក្រោយមានការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីដ-១៩។ លោកថា នេះជាការផ្សាយព័ត៌មានមិនពិត ព្រោះកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ គណៈកម្មាធិការត្រួតពិនិត្យ ជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីដ១៩ នេះបានឡើយ។ នេះជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ ក្នុងកិច្ចប្រជុំ ប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។

លោកបានបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យជំងឺ ឆ្លងសហរដ្ឋអាមេរិក CDC បានធ្វើកិច្ចការងារនេះច្បាស់លាស់ មិនអាចភូតកុហក់រដ្ឋាភិបាល របស់គេនោះទេ ។ ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការ សុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯង ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះបាននោះទេ។ ស្ថាប័នអន្តរជាតិធំៗ២ នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបាន លាក់បាំងព័ត៌មាននោះទេ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកវេជ្ជបណ្ឌិតម្នាក់ បង្រៀនទាហានមកធ្វើចត្តាឡីស័ក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបទបញ្ជា ឲ្យយកវេជ្ជបណ្ឌិតម្នាក់ ដែលជាគ្រូបង្រៀន ដល់ទាហានមកធ្វើចត្តាឡីស័ក ជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩ ។

តាមរយៈសារសំឡេង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានថ្លែងឲ្យដឹងថា «មានបញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវិជ្ជបណ្ឌិតម្នាក់ គាត់បើកគ្លីនិក ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវមានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវេជ្ជបណ្ឌិត ដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ» ។

សម្ដេចបន្ដថា «ប្រសិនបើគាត់ឆ្លងមែនទែន យើងកុនហើយ វេជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡីស័កទាំងអស់»។

សម្ដេចបន្ដថា ការងារបន្ទាន់ត្រូវយកវេជ្ជបណ្ឌិតម្នាក់ ទៅធ្វើចត្តាឡីស័កជាមុនសិន ដើម្បីមានវិធានការបន្ដទៀត ហើយត្រូវធ្វើយ៉ាងត្រឹមត្រូវបំផុត។ សម្ដេចថា ត្រូវផ្អាកទាំងអស់កន្លែង ដែលវេជ្ជបណ្ឌិតទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធ ត្រូវដំណើរការជាធម្មតា។

សូមរំលឹកថា កម្ពុជាបានផ្ទុះជំងឺកូវីដម្តងទៀត កាលពីថ្ងៃ២២ កុម្ភៈ កន្លងមកថ្មីៗនេះ ដោយត្រឹមរយៈពេលតែជាង១០ម៉ោងប៉ុណ្ណោះ នៅរាជធានីភ្នំពេញ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩រហូតដល់៣២នាក់ ។ នាថ្ងៃរកឃើញនោះ សម្តេចបានហៅថា ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្រោយមកក៏រកឃើញអ្នកឆ្លងច្រើននាក់ជាបន្តបន្ទាប់ ។

គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

នាយករដ្ឋមន្រ្តី ឲ្យបណ្តេញជនបរទេសគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ចេញពីកម្ពុជា និងលែងឲ្យចូលវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឲ្យបណ្តេញ ជនបរទេស ណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័កចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមចំណាយល់ព្រម របស់សម្តេចតេជោក្រោយ លោកឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ផ្ញើជូនបានផ្ញើលិខិតទៅសម្តេច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងលិខិតបញ្ជាក់ថា បើចំពោះជនជាតិខ្មែរ នឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក។ សម្រាប់ម្ចាស់ទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្ម ៕

WHO បារម្ភការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ខណៈអាច នឹងផ្ទុះខ្លាំងចូលសហគមន៍ នាពេលអនាគត

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជា

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជា លោកស្រី Li Ailan បានបង្ហាញ ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រោះអាចនឹងផ្ទុះខ្លាំងចូល សហគមន៍នៅពេលខាងមុខ ដូច្នេះត្រូវតែរៀបចំ ទប់ស្កាត់ជំងឺកូវីដ១៩នេះ។

លោកស្រី Li Ailan បានថ្លែងក្នុងសន្នីសិទ សារព័ត៌មានព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការផ្ទុះជំងឺកូវីដ១៩ នៅថ្ងៃព្រឹត្តិការសហគមន៍ ២០កុម្ភៈ គឺជាការឆ្លង ជាចង្កោមតូចក្នុងសហគមន៍ តែបើមិនទប់ស្កាត់នោះទេការឆ្លងជំងឺនេះ និងរីករាលដាលធំជាងមុន។

លោកស្រីក៏សម្តែងក្តីបារម្ភនៃការផ្ទុះជំងឺកូវីដ១៩ នៅកម្ពុជាទ្រង់ទ្រាយធំ ប៉ុន្តែលោកស្រីថា កម្ពុជានៅតែមានលទ្ធភាពក្នុងការឆ្លើយតប និងទប់ស្កាត់ពីការឆ្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ដែរ។

លោកស្រីថា «ដើម្បីទប់ស្កាត់នូវជំងឺនេះ គឺយើងត្រូវតែត្រៀមជាការចាំបាច់ សម្រាប់ផ្ទុះកាន់តែធំនៅពេលខាងមុខ។ WHO មានការព្រួយបារម្ភខ្លាំងចំពោះករណី ចម្លងជាចង្កោមនៅក្នុងសហគមន៍ ជាក់ស្តែងនោះព្រឹត្តិការសហគមន៍ ២០កុម្ភៈ។ យើងមានការព្រួយបារម្ភខ្លាំងចំពោះ ការកើតឡើងផ្ទុះធំនៅក្នុងសហគមន៍»។

លោកស្រី Ailan ក៏បានគូសបញ្ជាក់ថា “ពេលនេះកម្ពុជាបានកំពុងរង ការវាយលុយជាចង្កោមទ្រង់ទ្រាយតូចនៅក្នុងស្រុក ប៉ុន្តែខ្ញុំសូមថាយើងកំពុង ជួបហានិភ័យក្នុងការកើតផ្ទុះឡើង ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដូច្នេះយើងត្រូវធ្វើការរួមគ្នាការពារកំចាត់នូវសេណារីយូកុំឲ្យវាកើតឡើង ពីព្រោះករណីកើឡើងទ្រង់ទ្រាយធំនៅក្នុងសហគមន៍អាចនឹងធ្វើឲ្យប៉ះពាល់សុខភាព សង្គម និងផ្នែកសេដ្ឋកិច្ច។

លោកស្រីបន្ថែមថា ប្រសិនបើមានករណីឆ្លងជំងឺកូវីដ១៩​ កាន់តែច្រើននោះអាចមាន ភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ពេលនោះក្នុងមន្ទីរពេទ្យឬក្រសួង សុខាភិបាលនឹងទទួលបន្ទុកធ្ងន់ធ្ងរ។

លោកស្រីតំណាង WHO ក៏លើកឡើងទៀតថា ការផ្ទុះជំងឺកូវីដ១៩ ទ្រង់ទ្រាងធំនឹងអាចឈានដល់ការបិទ ទីតាំងឬតំបន់សាលារៀន ទីផ្សារ និងកន្លែងផ្សេងៗ និងរហូតបិទដល់សេដ្ឋកិច្ចក្នុងប្រទេសផងដែរ។

លោកស្រីក៏គូសបញ្ជាក់ថា មកដល់ពេលនេះសម្រាប់ប្រជាជនកម្ពុជា មិនទាន់មានប្រព័ន្ធភាពស៊ាំណាមួយ ក្នុងការការពារជំងឺកូវីដ១៩នោះទេ។

លោកស្រីបន្ថែមទៀតថា មេរោគកូវីដ១៩ បានកំពុងមានការបំប្លែងខ្លួនថ្មី ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ដរាបណាមេរោគនៅតែ ចរាចរណ៍នៅកន្លែងណាក៏ដោយ គឺប្រជាជននៅតែបន្តគម្រាមកំហែង៕

កុំគិតថា បរទេសស្រលាញ់ខ្មែរឲ្យសោះ

លោក សយ សុភាព និង លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន

ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តវិភាគនិងការបរិយាយ អំពីនយោបាយ ដោយបានលើកឡើង ពីជនបរទេសម្នាក់ ដែលជាប្រធានអង្គការមាតាធម្មជាតិ តាមរយៈរូបភាពមកជួយកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ តែការពិតមកបំផ្លាញខ្មែរទៅវិញ ។

លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ជាជនជាតិអេស្បាញ ដែលជាស្ថាបនិក អង្គការមាតាធម្មជាតិ មានមូលដ្ឋាននៅខេត្តកោះកុង ។លោកត្រូវបានគេដឹងថា និយាយនិងសរសេរអក្សរខ្មែរ ឡើងច្បាស់។ លោកត្រូវបានបណ្តេញចេញ ពីកម្ពុជាកាលពីអំឡុង ឆ្នាំ២០១៥។

លោក សយ សុភាព បានលើកឡើងពី អាឡិច ប្រៀបធៀបជាមួយ ប្រវត្តិរបស់ប្រទេសសៀមថា ប្រវត្តិសាស្ត្រសៀម វៃស្តេចខ្មែរ បែកបាក់រាជធានីលង្វែក។ ស្តេចខ្មែរ ទៅពឹងអេស្បាញនៅហ្វីលីពីន ក្រោយមកដាក់អាណានិគម នៅឆ្នាំ១៥៥០ ឲ្យមកជួយដោយសុខចិត្តដូរពីសាសនាព្រះពុទ្ធ ទៅប្រតិបត្តិសាសនាគ្រឹស្តវិញ ឲ្យតែជួយខ្មែរកុំឲ្យសៀម វៃបែកលង្វែក។ តែអ្វីៗយឺតពេលសៀមកាន់ កាប់លង្វែក ចន្លោះឆ្នាំ១៥៩៥ ។

លោកថា ពេលនេះខ្មែរអត់បានហៅ អេស្បាញ មកជួយវៃអ្នកណាទេ បើឲ្យមិត្តមកជួយកសាងប្រទេសមានមែន។ ចុះម្នាក់នេះ(អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន) ស្រលាញ់ខ្មែរជាងខ្មែរម្ល៉េះ? គេបានដុតខ្មែរឲ្យឆេះនៅកោះកុង ក្រោមរូបភាពការពារព្រៃឈើ បរិស្ថានអភិរក្សសត្វក្រពើភ្នំ ។ល។

លោក សយ សុភាព អះអាងបន្តថា តែធាតុពិតគេ រារាំងផ្លូវរបស់ចិន មកអភិវឌ្ឍន៍(ប្រ៊ី)ទេ។ នៅឆ្នាំ១៩៩៥ ក្រុមហ៊ុនជប៉ុនធ្លាប់បានសិក្សាកសាងទំនប់វារីអគ្គសនី នៅអារ៉ែង១១៧ មេហ្គាវ៉ាត់ ចំណាយ៣០០លានដុល្លារ។ ក្រោយមកយកលេសថា រដ្ឋាភិបាលជប៉ុន មិនឲ្យខ្ចីទើបគម្រោងនេះ ខ្មែររកដៃគូផ្សេងមកកសាង ទំនប់វារីអគ្គិសនីម្តងវិញ។ ក្នុងនយោបាយប្រ៊ីកោះកុង ត្រូវកសាងវារីអគ្គិសនី ផ្លូវកំពង់ផែតំបន់ទេសចរណ៍។ល។ គេស្រែកថាប៉ះពាល់បរិស្ថាន ។ ក្រៅពីនោះ កោះកុងមានរ៉ែច្រើនណាស់ គេថា យកមិនបានទេ ប៉ះពាល់បរិស្ថាន ។ តែធាតុពិតគេបំរើឲ្យនយោបាយ ឥណ្ឌូប៉ាស៊ីហ្វិកសោះ ។

បើតាមលោក សយ សុភាព ដដែល ដូច្នេះបរទេសម្នាក់នេះ ធ្វើដូចស្រលាញ់ខ្មែរជាងខ្មែរ ចេះនិយាយសរសេរខ្មែរជាងខ្មែរ តែធាតុពិតបោកខ្មែរប្រឆាំងការអភិវឌ្ឍរបស់ចិនសោះ។

ជាមួយគ្នានេះ លោក សយ សុភាព ក៏បានលើកពីរូបភាព លោកអាឡិចលើកម្រាមដៃថា ឥឡូវលើកម្រាមដៃ៣ញួសឲ្យខ្មែរ ឈ្លោះគ្នាទៀត។

សូមពិចារណាកុំឲ្យបរទេស មកដុតស្រុកខ្មែរតទៅទៀត។ ពួកនេះ ខាងឥណ្ឌូប៉ាស៊ីហ្វិក តាមកំទេចប្រ៊ីដឹកនាំដោយចិន។ ខ្មែរជាស្ថាបនិកប្រ៊ី៕

សម្តេចតេជោ ៖ រាល់ការចេញបទបញ្ជាណាមួយ ទាក់ទងព្រំដែន មេត្តាឲ្យខ្ញុំបានដឹងផង

ភ្នំពេញ ៖ “ការចេញបទបញ្ជាណាមួយទាក់ទងព្រំដែនសូមមេត្តាឲ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើកិច្ចការនយោបាយ ក្នុងប្រទេសនិងកិច្ចការ នយោបាយក្រៅប្រទេស”។

នេះជាសារសំឡេង របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្សាយជាបន្ទាន់ តាមបណ្តាញសង្គមតេឡេក្រាម នាម៉ោងប្រមាណជា១២រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលសម្តេចបានមានប្រសាសន៍ ទាក់ទង ទៅនឹងការបិទការនាំចេញ-ចូល របស់ពលរដ្ឋខ្មែរ នៅតាមព្រំដែនខ្មែរ-ថៃ

សម្តេចតេជោបន្តថា កន្លងទៅក៏មានការឆក់ល្វែងដែរដោយមានការចេញបទបញ្ជាទប់ស្កាត់មិនឲ្យនាំចូលត្រីពីខាងក្រៅដែលអាចខុស ទៅនឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)និងក្របខណ្ឌអាស្តា “តំបន់ពាណិជ្ជកម្មសេរីអាស៊ាន” ។

សម្តេចថា ដូច្នេះក៏បានកែតម្រូវទៅក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាមដែលអាចធ្វើឲ្យមានបញ្ហា។ សម្តេចក៏បានស្នើសុំយ៉ាងទទូលទៅឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន យកការទទួលខុសត្រូវជាធំ និងរាយការណ៍ ដោយត្រង់មកសម្តេចបើសិនមានការអាក់រអួលផ្នែកពាណិជ្ជកម្មជាមួយភាគីថៃ ៕

ក្រសួងសុខាភិបាល ៖ ជនជាតិចិន៦នាក់ រកឃើញកូវីដ-១៩ នៅព្រះសីហនុ មិនចាត់ចូលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានឲ្យដឹងថា ជនជាតិចិនមានជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មិនចាត់ទុកពួកគាត់ឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើយ។

តាមរយៈសារសំឡេងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានរៀបរាប់ថា ក្រសួងមិនចាត់ទុកជនជាតិចិន៦នាក់ រកឃើញវិរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ ចូលទៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ឡើយ ។ អះអាងរបស់លោកស្រីនេះ ដោយសារពួកគេមាន គោលបំណង ធ្វើដំណើរទៅ ចិនវិញ ទើបទៅធ្វើតេស្ដ ដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាព កាលពីថ្ងៃទី២៣ កុម្ភៈ តែលទ្ធផលធ្វើតេស្ដវត្ថុ សំណាសក់របស់បុគ្គល ទាំង៦នាក់នេះ ផ្ដល់ដោយវិទ្យាស្ថាន ជាតិសុខ ភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវិរុសកូវីដ-១៩ ។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «កាលដែលយើងដាក់បែបនេះ ដោយយើងឈរលើមូលដ្ឋាន គឺពួកគាត់នេះជាអ្នកដំណើរ ថ្វីត្បិតតែគាត់ធ្វើដំណើរចូលមក គាត់រួចផុតពីការធ្វើចត្តាឡីស័ក គាត់នៅលេងចឹង ប៉ុន្ដែគាត់នៅជាដំណើរ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញ គាត់មានតម្រូវឲ្យធ្វើតេស្ដ ដើម្បីវិភាគរក មាន ឬមិនមាននូវវិរុសកូវីដ-១៩ហ្នឹង»។

លោកស្រីបន្ដថា «ចឹងនៅពេលណាគាត់មក យកវិញ្ញាបនបត្រហ្នឹង យើងធ្វើតេស្ដទៅរកឃើញវិជ្ជមានកូវីដ-១៩ ចឹងអ្នកណុងនៅដាក់ជាអ្នកដំណើរនៅឡើយ ។ ដោយឡែក ហេតុអ្វីបានជាយើងមិនដាក់ចូលទៅ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយសារយើងអត់ទាន់មានការស្រាវជ្រាវឃើញថា គាត់មានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ហ្នឹងនៅឡើយទេ ពីព្រោះនេះគាត់មកខ្លួនគាត់ មិនមែនក្រុមការងារយើង ដែលចុះទៅស្រាវជ្រាវហើយឃើញថា គាត់ជាអ្នកសង្ស័យ យើងយកគាត់មកធ្វើតេស្ដអីមិនមែនទេ គឺគាត់មកធ្វើតេស្ដដោយខ្លួនគាត់ ក្នុងវត្ថុបំណងគឺដើម្បីវិលត្រឡប់ទៅវិញ»។

សូមជម្រាបថា នៅព្រឹកថ្ងៃ២៥ កុម្ភៈ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ចំនួន៦៥នាក់ ក្នុងនោះ ៖ ករណីឆ្លងសហគមន៍នៅភ្នំពេញ ចំនួន៥៨នាក់ ក្រុងព្រះសីហនុចំនួន៦នាក់ ករណីនាំចូលចំនួន១នាក់ និងមិនមានអ្នកជាសះស្បើយឡើយ ។ ដូច្នេះ រហូតមកដល់ពេលនេះ នៅកម្ពុជាចំនួនករណីជំងឺកូវីដ-១៩ សរុបកើនឡើងដល់ ៦៩៧នាក់ ចំនួនសំរាកពេទ្យកើន២២០នាក់ ។ ដោយឡែកចំនួនជាសះស្បើយសរុបកើន ៤៧៧នាក់ និងស្លាប់គ្មាន៕

សម្តេចតេជោ ៖ ក្នុងបរិបទថ្មីនេះ ពលរដ្ឋគួរ ខិតខំចាប់យក និន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋគួរតែត្រូវខិតខំ ចាប់យកនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យា។

ការបញ្ជាក់របស់សម្តេចតេជោនេះ ធ្វើឡើងក្នុងសារលិខិតនាឱកាសអបអរសារទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អបជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

ការថ្លែងជំរុញរបស់រាជរដ្ឋាភិបាលនេះ ដោយសារការរីករាលដាលនៃជំងឺវីដ-១៩ជាសកល បានជំរុញឲ្យប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន ។ រីឯនិយោជិក បុគ្គលិកក៏គួរគិតគូរផងដែរ អំពីការពង្រឹងសមត្ថភាពជំនាញ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័ស នៃចរន្តសេដ្ឋកិច្ច។ ក្នុងនោះ ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារដែលនៅពេលខាងមុខ ទីផ្សារនេះ នឹងកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី ។

សម្តេចគូសបញ្ជាក់ថា “ប្រជាពលរដ្ឋ ត្រូវបន្សំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវដឹងនិងជ្រាបអំពីឥទ្ធិពលនិងផលប៉ះពាល់ និងវិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ និងគោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋក៏គួរតែត្រូវខិតខំចាប់យកនិន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ (រៀនអនឡាញ , ទិញអនឡាញ .….”។

សម្តេចតេជោបានថ្លែងបន្តថា សហគ្រិន និយោជកគួរគិតគូរ អំពីគំរូអាជីវកម្មប្រភេទថ្មី ជាមួយដំណោះស្រាយឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ខណៈបច្ចុប្បន្នសកលលោកបានផ្លាស់ប្តូរទៅរករបត់ថ្មីដែលបច្ចេកវិទ្យាឌីជីថលបាននាំមកនូវវិធីសាស្ត្រ អនុវត្តថ្មី ទម្លាប់ថ្មី ការរស់នៅ និងជីវិតថ្មី៕

ក្រសួងសុខាភិបាល ៖ ជនជាតិចិន៦នាក់ រកឃើញកូវីដ-១៩ នៅព្រះសីហនុ មិនចាត់ចូលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានឲ្យដឹងថា ជនជាតិចិនមានជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មិនចាត់ទុកពួកគាត់ឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើយ។

តាមរយៈសារសំឡេងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានរៀបរាប់ថា ក្រសួងមិនចាត់ទុកជនជាតិចិន៦នាក់ រកឃើញវិរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ ចូលទៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ឡើយ ។ អះអាងរបស់លោកស្រីនេះ ដោយសារពួកគេមាន គោលបំណង ធ្វើដំណើរទៅ ចិនវិញ ទើបទៅធ្វើតេស្ដ ដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាព កាលពីថ្ងៃទី២៣ កុម្ភៈ តែលទ្ធផលធ្វើតេស្ដវត្ថុ សំណាសក់របស់បុគ្គល ទាំង៦នាក់នេះ ផ្ដល់ដោយវិទ្យាស្ថាន ជាតិសុខ ភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវិរុសកូវីដ-១៩ ។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «កាលដែលយើងដាក់បែបនេះ ដោយយើងឈរលើមូលដ្ឋាន គឺពួកគាត់នេះជាអ្នកដំណើរ ថ្វីត្បិតតែគាត់ធ្វើដំណើរចូលមក គាត់រួចផុតពីការធ្វើចត្តាឡីស័ក គាត់នៅលេងចឹង ប៉ុន្ដែគាត់នៅជាដំណើរ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញ គាត់មានតម្រូវឲ្យធ្វើតេស្ដ ដើម្បីវិភាគរក មាន ឬមិនមាននូវវិរុសកូវីដ-១៩ហ្នឹង»។

លោកស្រីបន្ដថា «ចឹងនៅពេលណាគាត់មក យកវិញ្ញាបនបត្រហ្នឹង យើងធ្វើតេស្ដទៅរកឃើញវិជ្ជមានកូវីដ-១៩ ចឹងអ្នកណុងនៅដាក់ជាអ្នកដំណើរនៅឡើយ ។ ដោយឡែក ហេតុអ្វីបានជាយើងមិនដាក់ចូលទៅ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយសារយើងអត់ទាន់មានការស្រាវជ្រាវឃើញថា គាត់មានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ហ្នឹងនៅឡើយទេ ពីព្រោះនេះគាត់មកខ្លួនគាត់ មិនមែនក្រុមការងារយើង ដែលចុះទៅស្រាវជ្រាវហើយឃើញថា គាត់ជាអ្នកសង្ស័យ យើងយកគាត់មកធ្វើតេស្ដអីមិនមែនទេ គឺគាត់មកធ្វើតេស្ដដោយខ្លួនគាត់ ក្នុងវត្ថុបំណងគឺដើម្បីវិលត្រឡប់ទៅវិញ»។

សូមជម្រាបថា នៅព្រឹកថ្ងៃ២៥ កុម្ភៈ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ចំនួន៦៥នាក់ ក្នុងនោះ ៖ ករណីឆ្លងសហគមន៍នៅភ្នំពេញ ចំនួន៥៨នាក់ ក្រុងព្រះសីហនុចំនួន៦នាក់ ករណីនាំចូលចំនួន១នាក់ និងមិនមានអ្នកជាសះស្បើយឡើយ ។ ដូច្នេះ រហូតមកដល់ពេលនេះ នៅកម្ពុជាចំនួនករណីជំងឺកូវីដ-១៩ សរុបកើនឡើងដល់ ៦៩៧នាក់ ចំនួនសំរាកពេទ្យកើន២២០នាក់ ។ ដោយឡែកចំនួនជាសះស្បើយសរុបកើន ៤៧៧នាក់ និងស្លាប់គ្មាន៕

ទន្លេមេគង្គ ស្រកដល់កម្រិត «គួរឲ្យព្រួយបារម្ភ» ដោយផ្នែកខ្លះ ប្រែពណ៌ជាបៃតងខៀវ

កម្រិតទឹកទន្លេមេគង្គ

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតគួរឲ្យបារម្ភ ។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។

កម្រិតទឹកបានស្រកចុះយ៉ាងច្រើនតាំងពីដើមឆ្នាំនេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់ Jinghong ។ បណ្ឌិត Winal Wangpimool ប្រធានផ្នែកគាំទ្របច្ចេកទេសនៃ លេខាធិការដ្ឋាននៃគណៈកម្មការរទន្លេមេគង្គ បាននិយាយថា «មានការឡើង និងស្រកភ្លាមៗ នៃកម្រិតទឹក នៅខាងក្រោមជាប់នៃ Jinghong និងនៅខាងក្រោមមកទល់នឹងទីក្រុងវៀងចន្ទន៍ ដែលចោទជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ និងសហគមន៍ នៅក្នុងការត្រៀមទប់ទល់ចំពោះផលប៉ះពាល់»។

ការសង្កេតប្រចាំខែរបស់ គណៈកម្មការទន្លេមេគង្គ លើរបាយទឹកភ្លៀងបង្ហាញថា តាំងពីខែវិច្ឆិកា ឆ្នាំមុន បរិមាណទឹកភ្លៀងគិតជាមធ្យម មានការធ្លាក់ចុះទាបជាកម្រិតមធ្យម ដោយធ្លាក់ចុះ ២៥%។ទិន្នន័យស្តីពីកម្រិតទឹកដែលគណៈកម្មការបានសង្កេតឃើញ ថែមទាំងបង្ហាញទៀតថា កម្រិតទឹកហូរចេញនៅស្ថានីយ Jinghong កាលពីថ្ងៃ១១ កុម្ភៈ មាន ៧៧៥ ម៉ែត្រគូបក្នុងមួយវិនាទី គឺថយចុះជិតពាក់កណ្តាលពីកម្រិតធម្មតា ដែលមានប្រហែល១៤០០ ម៉ែត្រគូបក្នុងមួយវិនាទីដែលត្រូវបានគេសង្កេតឃើញ នៅខែធ្នូ។

ចាប់តាំងពីការធ្លាក់ចុះដំបូងនៅថ្ងៃ១ ខែមករា កម្រិតទឹកហូរចេញពីស្ថានីយ Jinhong ពីថ្ងៃទី១ ដល់ថ្ងៃ៧ មករា គឺថេរត្រឹម៧៨៥ម៉ែត្រគូបក្នុង១វិនាទី។ បន្ទាប់មក កម្រិតទឹកហូរចេញញបានធ្លាក់មក ៧៤០ម៉ែត្រគូបក្នុង១វិនាទី នៅចន្លោះពីថ្ងៃ១៥ដល់ថ្ងៃ ២៣ មករា មុននឹងឡើងដល់៩៩០ ម៉ែត្រគូបក្នុង១វិនាទី នៅថ្ងៃទី ២៩ ខែមករា។ បន្ទាប់មក វាធ្លាក់ចុះបន្តិចម្តងៗមកដល់៨០០ ម៉ែត្រគូបក្នុង១វិនាទី នៅថ្ងៃ១១ កុម្ភៈ។

នៅដើមខែមករា ក្រសួងធនធានទឹកចិនបានប្រាប់ទៅប្រទេស នៅតំបន់ទន្លេមេគង្គក្រោមទាំង ៤ ថា លំហូរចេញពីស្ថានីយ Jinghong នឹងត្រូវកំហិតត្រឹម ១០០០ ម៉ែត្រគូបក្នុង១វិនាទី ពីថ្ងៃ ៥ ដល់ថ្ងៃ ២៤ មករា ដោយសារការជួសជុលប្រព័ន្ធខ្សែបញ្ជូនចរន្តភ្លើង។ តែក្រសួងនេះមិនបានបញ្ជាក់ពីកម្រិតទឹក នៅមុនពេលនៃការកំហិតទឹកហូរចេញ និងបរិមាណទឹកដែលត្រូវស្តារឡើងវិញ នៅថ្ងៃ ២៥ មករាទេ។

កាលពីឆ្នាំទៅ ចិនបានយល់ព្រមចែករំលែក ទិន្នន័យស្តីពីបរិមាណទឹកភ្លៀង និងកម្រិតទឹកទន្លេក្នុងឆ្នាំទាំងមូល ជាមួយគណៈកម្មការទន្លេមេគង្គ។ តាមរយៈកិច្ចព្រមព្រៀងជាមួយគណៈកម្មការនេះ ចិនបានសន្យាប្រាប់ទៅគណៈកម្មាការ និងប្រទេសជាសមាជិក នូវការឡើងឬការស្រកចុះមិនធម្មតានៃកម្រិតទឹក ឬការបញ្ចេញទឹក ហើយផ្តល់ព័ត៌មានទាក់ទង ស្តីពីកត្តាដែលអាចនាំឲ្យមានការជន់លិចភ្លាមៗ។

បណ្ឌិត Winal បានមានប្រសាសន៍ថា «ការបន្តលំហូរបែបនេះ អាចមានផលប៉ះពាល់ទៅលើការដឹកជញ្ជូនតាមទន្លេ បម្លាស់ទីនៃមច្ឆា កសិកម្ម និងការប្រមូលស្មៅទន្លេ។ ដើម្បីជួយប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ក្នុងការគ្រប់គ្រងហានិភ័យឲ្យមានប្រសិទ្ធភាព យើងអំពាវនាវឲ្យប្រទេសចិន និងប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ចែករំលែកផែនការក្នុងការបញ្ចេញទឹករបស់គេ ដល់យើង»។

លោក Chiang Sean ដែលជាស្ថានីយតាមដានទី១ នៅលើទន្លេមេគង្គ នៅប្រទេសថៃ ហើយស្ថិតនៅប្រមាណជា ៣០០គីឡូម៉ែត្រ ពីស្ថានីយប្រមាណជា ៣០០គីឡូម៉ែត្រពីស្ថានីយ Jinghong មានកម្រិតទឹកធ្លាក់ចុះយ៉ាងច្រើន គឺធ្លាក់ចុះ១ម៉ែត្រ ពីថ្ងៃទី ២ ដល់ទី ៤ ខែមករា។ ពី Chiang Khan ក្នុងប្រទេសថៃ ដល់ក្រុងវៀងចន្ទន៍ ក្នុងប្រទេសឡាវ កម្រិតទឹកទន្លេមានការប្រែប្រួល រវាងពី ០,៣២ម៉ែត្រទៅ ០,៥០ម៉ែត្រ។

ក្នុងដងទន្លេមេគង្គទាំងមូលចាប់ពី Nakhon Phanom, Mukdahan និង Khon Chiam ក្នុងប្រទេសថៃ ដល់ Thakhek, Savanakhet និង Pakse ក្នុងប្រទេសឡាវ កម្រិតទឹកបានស្រកពី ០,០៤ម៉ែត្រ ដល់ ០,០៨ម៉ែត្រ។ នៅតំបន់ខាងក្រោមទៀត ក្នុងប្រទេសកម្ពុជា កម្រិតទឹកនៃទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ មានការប្រែប្រួលពី ០,០២ម៉ែត្រទៅ ០,០៥ម៉ែត្រ។ តែកម្រិតទឹកនៅខ្ពស់ជាង កម្រិតមធ្យមយូរអង្វែង។ កម្រិតទឹកពីកំពង់ចាមអ្នកលឿង និងបាសាក់នៅភ្នំពេញ និងព្រែកក្តាមបានស្រកចុះជាលំដាប់ ហើយនៅទាបជាងកម្រិតមធ្យមរយៈពេលយូរ គិតតាំងពីដើមខែវិច្ឆិកាមក។ តាំងពីខែមករា មានការស្រកប្រចាំថ្ងៃចំនួន ០,០២ម៉ែត្រ ដោយគិតជាមធ្យម។

តំបន់ដីសណ្តនៅវៀតណាមរាប់ពី Tan Chau នៅតាមទន្លេមេគង្គ និង Chau Doc តាមទន្លេបាសាក់ ច្រើនតែរងនឹងផលនៃទឹកជន់ និងនាចនៃសមុទ្រ។ កម្រិតទឹកនៅតាមស្ថានីយទាំងពីរ មានការប្រែប្រួលនៅក្រោមនិងលើកម្រិតមធ្យមរយៈពេលយូរ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំទៅ។ ទឹកទន្លេមេគង្គមានការប្រែពណ៌ ដោយសារលំហូរទាប ការធ្លាក់ចុះយឺតនៃកករទន្លេ និងវត្តមាននៃរុក្ខជាតិសរីរាង្គ Algae នៅបាតទន្លេ ទឹកទន្លេមេគង្គនៅក្នុងខេត្ត Nakhon Phanom នៅភាគឦសាននៃប្រទេសថៃ មានការប្រែពណ៌ ក្នុងពលថ្មីៗនេះ គឺវាបានកើតមានម្តង នៅចុងឆ្នាំ ២០១៩។

ការវិភាគដំបូងៗក្នុងពេលថ្មីៗនេះ របស់គណៈកម្មការទន្លេមេគង្គ គទៅលើបាតុភូតនេះដែលពិនិត្យលើហេតុ និងផលប៉ះពាល់ដែលអាចមាន បានបង្ហាញថា ដូចនៅឆ្នាំ ២០១៩ ដែរ មានកត្តាច្រើននៅក្នុងរឿងនេះ។

ការវិភាគបានបង្ហាញថា លំហូរទឹកទាបដូចនៅពេលនេះ បានធ្វើឲ្យទឹកមានការប្រែពណ៌។ កករល្អិត ដែលតាមធម្មតាត្រូវបានគេឃើញតែ នៅពេលមានទឹកជ្រៅហូរខ្លាំង ដែលធ្វើឲ្យទឹកទន្លេមានពណ៌ត្នោត គឺលែងមានទៀតហើយ ដែលជាការធ្វើឲ្យទឹកមានសភាពថ្លា។ នៅពេលពន្លឺចាំងចូលក្នុងទឹក ទឹកថ្លាស្រូបយកពន្លឺធ្វើឲ្យវាមានការប្រែពណ៌។

ទឹកថ្លាធ្វើឲ្យរុក្ខជាតិជាលក្ខណៈមីក្រុប ដុះនៅលើខ្សាច់ និងបាតទន្លេ ដែលជាការធ្វើឲ្យទឹកមានសភាពបៃតង។ ធម្មតារុក្ខជាតិបែបនេះហូរ ដាច់ទៅដោយសារចរន្តទឹកទន្លេ តែដោយសារកម្រិតទឹកទាប វាកាន់តែដុះច្រើនឡើង នៅផ្នែកខ្លះនៃទន្លេ។

បណ្ឌិត So Nam មន្រ្តីដឹកនាំការគ្រប់គ្រងផ្នែកបរិស្ថាន របស់លេខាធិការដ្ឋាននៃ គណៈកម្មការទន្លេមេគង្គ បានមានប្រសាសន៍ថា «ដូចករណីនៅឆ្នាំ ២០១៩ អីចឹងបាតុភូតទឹកឡើងពណ៌រាងខៀវនឹងមាន នៅកន្លែងដទៃទៀតនៃទន្លេមេគង្គ ដែលមានលំហូរទឹករាក់»។

ដោយលើកឡើងពីការវិភាគនេះ បណ្ឌិត Nam បានបន្ថែមថា ផលប៉ះពាល់ខ្លះ ដែលអាចកើតមានពីកម្រិតទឹកឡើងថ្លាខ្លាំង មានដូចជាការប្រែប្រួលនៃអត្ថប្រយោជន៍នៃទន្លេ ដោយចំណីអាហារសម្រាប់សត្វល្អិត និងត្រីនៅក្នុងទន្លេមានការថយចុះ។ ការនេះប៉ះពាល់ដល់ផល ផ្តល់ដោយជីវសាស្រ្តចម្រុះ ដែលនាំទៅដល់ការធ្លាក់ចុះផលនេសាទ និងគម្រាមកំហែងជីវិតរស់នៅ របស់សហគមន៍មូលដ្ឋាន។

បណ្ឌិត Nam បានធ្វើការកត់សម្គាល់ថា ពណ៌ឡើងខៀវនៃទន្លេមេគង្គនឹងនៅតែមាន រហូតទាល់តែទឹកឡើងហើយយូរខ្លាំង នៅពេលចាប់ផ្តើមនៃរដូវទឹកជំនន់ ដែលតាមធម្មតា ចាប់ផ្តើមនៅចុងខែឧសភា។ ស្ថានភាពធម្មតាអាចត្រូវបានស្តារឡើងវិញបាន ប្រសិនបើបរិមាណទឹកច្រើន ត្រូវបានបញ្ចេញមកពីអាងស្តុក ដែលស្ថិតនៅផ្នែកខាងលើនៃទំទំនប់តាមទន្លេមេគង្គ (ឡាងឆាង) និងទំនប់នៅតាមដៃទន្លេ ដែលនាំកករ ហើយធ្វើឲ្យទន្លេមេគង្គវិលទៅរក សភាពមានពណ៌ត្នោតដូចធម្មតាឡើងវិញ។

ទន្លេមេគង្គ និងដៃរបស់វាទ្រទ្រង់ប្រជាជនចំនួនជិត ៧០ លាននាក់ ដែលរស់នៅតាមអាងទន្លេមេគង្គខាងក្រោម ដោយផ្តល់មុខរបរប្រកបជីវភាព សន្តិសុខស្បៀង និងសេវាប្រព័ន្ធបរិស្ថានអេកូឡូស៊ីដ៏សម្បូរបែប។ ដោយកំណើននៃសេដ្ឋកិច្ចដាក់សម្ពាធកាន់តែច្រើនទៅលើទន្លេ ការគម្រាមកំហែងចំពោះសហគមន៍ នៅតាមទន្លេនេះមានរឹតតែខ្លាំង ដោយគួបនឹងកំណើននៃប្រជាជន ការកសាងទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត។

សូមបញ្ជាក់ថា គណៈកម្មាការទន្លេមេគង្គ គឺជាអង្គការអន្តររដ្ឋាភិបាលសម្រាប់ធ្វើកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៅតំបន់ទន្លេមេគង្គក្រោម ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ផ្អែកតាមកិច្ចព្រមព្រៀងស្តីពីទន្លេមេគង្គរវាងកម្ពុជា ឡាវ ថៃ និងវៀតណាម។ អង្គការនេះគឺជាវេទិកាថ្នាក់តំបន់ សម្រាប់ធ្វើការងារការទូតផ្នែកទឹក ព្រមទាំងជាកន្លែងផ្តល់ចំណេះដឹង លើការគ្រប់គ្រងធនធានទឹកដើម្បីការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃតំបន់ ៕

To Top