ព័ត៌មានជាតិ

អង្គការ FOUR PAWS បានជួយអាជ្ញាធរកម្ពុជា ក្នុងការស្ទាក់ចាប់ រថយន្តដឹកសត្វឆ្កែ៦១ក្បាល ដែលកំពុងត្រូវបានគេដឹក យកទៅសំលាប់យកសាច់

ភ្នំពេញ ៖ អង្គការសុខុមាលភាពសត្វ សកលលោក FOUR PAWS បានគាំទ្រមន្ទីរកសិកម្មខេត្តសៀមរាប ជាមួយនឹងការស្ទាក់ចាប់សត្វឆ្កែ ដែលត្រូវបានយកទៅសម្លាប់ យកសាច់សម្រាប់លក់លើកដំបូងនេះ ។

Siem Reap, Cambodia | FEB 2021 | interception of dogs that occurred on Sunday, 21 Feb in Siem Reap Cambodia.

កាលពីថ្មីៗកន្លងទៅនេះ សត្វឆ្កែចំនួន ៦១ ក្បាលត្រូវបានរឹបអូសពីឡានទួរីស ហើយអ្នកបើកបរ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅនឹងកន្លែង ។ នៅពេលដែលរថយន្ត ត្រូវបានស្ទាក់ចាប់ ដោយមន្ទីរកសិកម្មខេត្ត សហការជាមួយស្នងការដ្ឋាន នគរបាលខេត្ត គេប្រទះឃើញសត្វឆ្កែទាំងនោះ ត្រូវបានគេដាក់ក្នុងទ្រុងដែក យ៉ាងចង្អៀត ហើយកំពុងត្រូវបានគេដឹក យកទៅសម្លាប់នៅខេត្តកំពង់ចាម ដើម្បីយកសាច់ ។ ការស្ទាក់ចាប់ដែលដឹកនាំដោយរដ្ឋាភិបាល លើកដំបូង នៅកម្ពុជានេះធ្វើឡើង បន្ទាប់ពីមានការហាមឃាត់ សាច់ឆ្កែត្រូវបានអនុម័ត នៅខែកក្កដាឆ្នាំ២០២០ កាលពីពេលថ្មីៗនេះ នៅខេត្តសៀមរាប ។

បន្ទាប់ពីការស្ទាក់ចាប់ សត្វឆ្កែទាំងអស់ ត្រូវបានគេយកចេញពីទ្រុង ដែលចង្អៀតនោះហើយត្រូវបានដោះលែង ទៅកន្លែងមានសុវត្ថិភាពតូចមួយ ។ អង្គការ FOUR PAWS បានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia និង អង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់ សម្រាប់សត្វឆ្កែដែលបានជួយ សង្គ្រោះ ចំនួន ៦១ ក្បាល ។ បច្ចុប្បន្នក្រុមគ្រូពេទ្យបសុពេទ្យ កំពុងចុះទៅកន្លែងផ្ទាល់ ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំង និងព្យាបាលសត្វឆ្កែទាំងអស់ ដែលរងរបួស ។ ឆ្កែដែលបានជួយសង្រ្គោះទាំងនោះ មានទាំងសត្វដែលវង្វេងផ្ទះ និងសត្វចិញ្ចឹម ដែលត្រូវបានគេលួច ។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ ភាគច្រើនសត្វឆ្កែទាំងនោះ គឺជាសត្វឆ្កែវ័យតូចៗ ហើយបញ្ចេញនូវសញ្ញា នៃការអស់កម្លាំងខ្លាំងនិងការខះជាតិទឹក ។ គេនៅមិនទាន់ច្បាស់ទេថា តើឆ្កែទាំងនេះស្ថិតនៅក្នុងឡាន ឬនៅកន្លែងរង់ចាំអស់រយៈពេលប៉ុន្មាននោះទេ មុនពេលផ្ទុកលើរថយន្ត ។ សត្វឆ្កែទាំងអស់នោះ មានសភាពឃ្លានខ្លាំងណាស់ ដែលភាគច្រើនមើលទៅ មិនបានញ៉ាំអីច្រើនថ្ងៃមកហើយ ។ បច្ចុប្បន្នយើងកំពុងរៀបចំ កន្លែងមានសុវត្ថិភាព សម្រាប់ឆ្កែទាំងនោះ ហើយនិងមើលថែ រហូតដល់យើងរកបានផ្ទះថ្មី សម្រាប់ពួកគេ ។ យើងសង្ឃឹមថា ការស្ទាក់ចាប់ លើកដំបូងនេះ នឹងផ្ញើសារ ច្បាស់ៗ ទៅកាន់អ្នកជួញដូរ នៅទូទាំងប្រទេសកម្ពុជាថា ការជួញដូរសាច់ឆ្កែ នាពេលអនាគត នឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ” ។

ទោះបីជាខេត្តសៀមរាប ដែលជាខេត្តដំបូង គេបានហាមឃាត់ការសម្លាប់ និងការជួញដូរសត្វឆ្កែយកសាច់ នៅប្រទេសកម្ពុជា ក្នុងខែកក្កដាឆ្នាំ ២០២០ ក៏ដោយ ក៏ អង្គការ FOUR PAWS នៅតែចាត់ទុកវាជាខេត្តមួយដ៏សំខាន់មួយ ក្នុងការធ្វើការជួញដូរសាច់ឆ្កែទ្រង់ទ្រាយធំ ក្នុងការផ្គត់ផ្គង់ និងដឹកទៅកាន់តំបន់ភាគខាងកើត នៃប្រទេសជាពិសេសរាជធានីភ្នំពេញតែម្ដង ។
យោងតាមការស៊ើបអង្កេត ទូទាំងប្រទេសរបស់អង្គការ FOUR PAWS នៅកម្ពុជា មុនពេលបម្រាមនេះ ចូលជាធរមាន មានឡានទ្រុងទួរីស ដឹកសត្វឆ្កែរស់ប្រមាណ ៣៧៥០ ក្បាលក្នុងមួយខែៗ ចេញពីខេត្តសៀមរាប ទៅកាន់កន្លែងសត្តឃាត នៅកំពង់ចាម កំពង់ធំ និងស្គន់ជាកន្លែងដែលឆ្កែទាំងនោះ ត្រូវបានពន្លិចក្នុងទឹក ចាក់ក ឬចងកសម្លាប់ បោចរោមរបស់ពួកគេ ហើយត្រូវបានលក់ ដោយអ្នកលក់ដុំទៅឱ្យភោជនីយដ្ឋានលក់សាច់សាច់ឆ្កែជាង ១០០កន្លែងនៅក្នុងរាជធានីភ្នំពេញ ។

អង្គការ FOUR PAWS សូមអបអរសាទរដល់អាជ្ញាធរខេត្តសៀមរាប ចំពោះសកម្មភាពរបស់ពួកគេ ក្នុងការជួយសង្គ្រោះសត្វឆ្កែ និងបញ្ឈប់ការធ្វើការជួញដូរ ហើយរង់ចាំមើលសកម្មភាព ដែលមានលក្ខណៈច្បាស់លាស់ជាងមុន ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលកម្ពុជា នៅទូទាំងប្រទេស ។ អង្គការ FOUR PAWS បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ ដោយការតស៊ូមតិ ដើម្បីហាមឃាត់ការជួញ ដូរសាច់ឆ្កែ ដោយសារតែភាពសាហាវឃោរឃៅ រលើសត្វទាំងនោះ និងហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនដោយសារតែជំងឺឆ្កែឆ្កួត និងការរីករាលដាល នៃជំងឺឆ្លងពីសត្វមកមនុស្ស ។

ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែ និងឆ្មា យ៉ាងសាហាវនៅអាស៊ីអាគ្នេយ៍ ដោយនិរន្តរភាពអង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយ នៅលើឆាកអន្តរជាតិ និងថ្នាក់ជាតិ នៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី ។ មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោក បានចុះហត្ថលេខា លើញត្តិរួចហើយ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មា ។
លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាប្រធានយុទ្ធនាការសាធារណៈសត្វដៃគូ នៅអាស៊ីអាគ្នេយ៍នៅអង្គការ FOUR PAWS បាននិយាយថា “តាមរយៈការអប់រំនិង កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមាគមទេសចរណ៍ យើង មានគោលបំណងដើម្បីជំរុញឲ្យ រដ្ឋាភិបាលឱ្យណែនាំនិង អនុវត្តច្បាប់ហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មាដើម្បីការពារទាំង សុខភាពសត្វនិងសុខភាពសាធារណៈ ។ ជំងឺរាតត្បាតកូវីដ១៩ ថ្មីៗនេះបានកាន់តែច្បាស់ពីគ្រោះថ្នាក់ នៃ ការជួញដូរសត្វមានជីវិត។ លក្ខន្តិកៈ ដែលត្រូវបានគេឃើញ នៅក្នុងទីផ្សារលក់សត្វរស់មានដូចជា ភាពគ្មានអនាម័យ ភាពឃោរឃៅលើសត្វ និងការដាក់សត្វឈឺ លាយជាមួយសត្វជា ដែលទាំងនេះទំនង ជាប្រភពដើម នៃការកកើតនូវជំងឺកូវីត១៩ ។ ទាំងអស់នេះនាំឱ្យមានឱកាសល្អ បំផុតសម្រាប់ការកើតឡើង នៃភ្នាក់ងារបង្កជំងឺថ្មី បូករួមទាំងជំងឺឆ្លងពី សត្វមកមនុស្ស ហើយ វាសំខាន់ណាស់ ដែលរដ្ឋាភិបាលត្រូវធ្វើសកម្មភាពប្រឆាំង នឹងបញ្ហានេះមុនពេលដែលវាយឺតពេល ។”

បន្ថែមពីលើយុទ្ធនាការប្រឆាំង នឹងការជួញដូរសាច់ សត្វឆ្កែ អង្គការ FOUR PAWS គាំទ្រដល់សហគមន៍មូលដ្ឋានជាមួយនឹងកម្មវិធីគ្រប់គ្រង ចំនួនសត្វឆ្កែនិងឆ្មាផងដែរ ។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយ នៃសម្ព័ន្ធភាពសុខុមាលភាព សត្វ DMFI និង ACPA ដែលការពារប្រឆាំង នឹងការជួញដូរនៅអាស៊ីអាគ្នេយ៍ ៕

To Top