Covid-19

បុរសម្នាក់នៅសង្កាត់ច្បារអំពៅ ជាអ្នករត់ Pass App មានផ្ទុកជំងឺកូវីដ១៩ បានចូលរួមឡើងគេដ្ឋានមួយ នៅស្រុកត្បូងឃ្មុំ

ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨ កុម្ភៈ បានឲ្យដឹងថា បន្ទាប់ពី ទទួលព័ត៌មានពីក្រសួងសុខាភិបាលនាថ្ងៃ២៧ កុម្ភៈ បានរកឃើញបុរសម្នាក់ដែល បានមកចូលរួមកម្មវិធីឡើងគេហដ្ឋាននេះ មានផ្ទុកជំងឺកវីដ-១៩ ហើយរដ្ឋបាលខេត្តក៏បានចាត់មន្ទីរសុខាភិបាលចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធ ក្នុងនោះរួមមាន៖ ១-ក្រុមគ្រួសារ ឪពុក ម្តាយ កូន ចំនួន៣នាក់រស់នៅភូមិនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

២-អ្នកចូលរួមមានចំនួន៧នាក់ (ប្រុស) រស់នៅភូមិស្លាបច្រាំង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៣-ប្រជាពលរដ្ឋ ចំនួន៣នាក់ រស់នៅភូម៌៣២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី៤-ម្ចាស់កម្មវិធីចំនួន៤នាក់ រស់នៅភូមិស្លាប់ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ។

សេចក្តីប្រកាសព័ត៌មានបន្តថា “ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវ៥-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកបាន ចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាន និងអ្នកពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ សូមសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបានរៀបចំ នៅមន្ទីរបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១ មីនា នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ១៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍១៤នាក់ និងអ្នកដំណើរពីបរទេស១នាក់ ខណៈគ្មានអ្នកជាសះស្បើយ។ ចំពោះអ្នកឆ្លងសរុបមានចំនួន៨២០នាក់ អ្នកជាសះស្បើយចំនួន៤៧៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន៣៤៣ នាក់។ ដោយឡែកអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈវិញមាន ៣១៦នាក់៕

To Top