ព័ត៌មានជាតិ

អភិបាល រាជធានីភ្នំពេញ យកចិត្តទុកដាក់ ចំពោះក្រុមការងារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រចាំការ២៤ម៉ោង

ភ្នំពេញ ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារចម្រុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះពិនិត្យនិងរៀបចំ ជាកន្លែងធ្វើការ កន្លែងប្រចាំបញ្ជា កន្លែងសំរាក សម្រាប់កងកម្លាំង មានសមត្ថកិច្ច ក្រុមគ្រូពេទ្យ ជាមួយនឹងរោងផ្តល់អាហារ សម្រាប់ពីរពេលជូនកងកម្លាំងចម្រុះ កំពុងបំពេញការងារ នៅសាលារាជធានីភ្នំពេញ ធ្វើយ៉ាងណា ឲ្យពួកគេមានកម្លាំងគ្រប់គ្រាន់ បំពេញការងារក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ការរៀបចំចាត់ចែង ក្រុមការងារបែបនេះ ដើម្បីត្រៀមទទួលការងារពាក់ព័ន្ធជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហា ត្រូវដោះស្រាយបន្ទាន់ ។

ក្រុមការងារ ប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ កំពុងប្រចាំការ នៅទីបញ្ជាការស្រាល នៅសាលារាជធានីភ្នំពេញ ២៤ម៉ោង លើ២៤ម៉ោងនេះ គឺលោកឃួង ស្រេង ប្រចាំការ១យប់ទល់ភ្លឺផងដែរ តាំងពី ថ្ងៃ១៩ កុម្ភៈ ។ គិតមកដល់ពេលនេះ ក្រុមការងារបានបំពេញការងារ ទាំងយប់ទាំងថ្ងៃ ជាងមួយសប្តាហ៍ហើយ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១ មីនា នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ១៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍១៤នាក់ និងអ្នកដំណើរពីបរទេស ១នាក់ ខណៈគ្មានអ្នកជាសះស្បើយ ។ ចំពោះអ្នកឆ្លងសរុប មានចំនួន៨២០នាក់ អ្នកជាសះស្បើយចំនួន៤៧៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន៣៤៣ នាក់ ។ ដោយឡែកអ្នកឆ្លង ក្នុងសហគមន៍២០កុម្ភៈវិញមាន៣១៦នាក់ ៕

To Top