ព័ត៌មានជាតិ

មន្ត្រីរាជការ កម្លាំងជួរមុខ ក្នុងខេត្តកំពង់ចាម ទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជំហានដំបូង

កំពង់ចាម ៖ មន្ត្រីរាជការកងកម្លាំង ជួរមុខប្រមាណជា ៤០០០នាក់ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកដំបូង ដែលបានធ្វើឡើង នាព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា បានអោយដឹងថា វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដែលយើងទទួលបាន នៅពេលនេះ គឺអាចការពារអាយុជីវិត យើងឲ្យជៀសផុត ពីការឆ្លងនូវជំងឺ ដ៏កាចសាហាវនេះ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានសំដែង នូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំ បង្កើតឲ្យមាននូវយុទ្ធនាការ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយបាននាំមកវ៉ាក់សាំង ការពារដើម្បីចាក់ជូន មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានឲ្យដឹងដែរថា ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ លើកទី ១នេះ ក្នុងខេត្តកំពង់ចាម មានចំនួន០៩ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្ត ទទួលវ៉ាក់សាំងចំនួន៣.៨៣២នាក់ ក្នុងនោះ មន្ត្រីសុខាភិបាល ចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាល ចំនួន ១.៩០០នាក់ ៕

To Top