ភ្នំពេញ ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំនៅអង្គការសហប្រជាតិ(UN) លោក អាន សុខខឿន បានបង្ហាញពីការខកចិត្តយ៉ាងណាចំពោះ របាយការណ៍របស់ UN ចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។
ការមិនពេញចិត្តពីសំណាក់របស់លោក អាន សុខខឿននេះ ក្រោយរបាយការណ៍ លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលបានរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។
យោងតាមបទអន្តរាគមន៍របស់លោក អាន សុខខឿន នាសម័យប្រជុំនោះ បានឲ្យដឹងថា “គណៈប្រតិភូយើងខ្ញុំកត់សម្គាល់ ដោយក្ដីខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ លោកជំទាវ ឧត្តមស្នងការដែលពុំបានដាក់បញ្ចូល នូវការសម្រេចរបស់រាជរដ្ឋាភិបាល កាលពីខែធ្នូកន្លងទៅឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា បន្តអាណត្តិប្រតិបត្តិការតទៀត ប៉ុន្តែបែរជាដាក់បញ្ចូលតែការចោទប្រកាន់ដែលផ្អែកលើរបាយការណ៍តែម្ខាងទៅវិញ។ ក្នុងន័យនេះ ដូចគណៈប្រតិភូដទៃជាច្រើនទៀត កម្ពុជាសូមស្នើយ៉ាងទទូចឲ្យការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្ស គោរពឲ្យបាននូវគោលការណ៍មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម ដូចដែលឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតែរ៉េស ធ្លាប់បានអំពាវនាវ នោះទេ”។
លោកទូតបានលើកឡើងថា សេរីភាពសារព័ត៌មានដ៏រស់រវើកបន្តរីកដុះដាលតាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលជិត ២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល ដែលកំពុងដំណើរការ ដោយគ្មានការត្រួតពិនិត្យទុកជាមុន។ កម្ពុជាគាំពារអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។ គណនីហ្វេសប៊ុកចំនួនជិត១២ លាន ស្មើនឹង ៧០ % នៃចំនួនប្រជាជនកម្ពុជាសរុប បានបន្តបញ្ចេញនូវ ទស្សនៈតិះទៀន ដោយសេរី និងដោយផ្ទាល់ ចំពោះកិច្ចការ និងសេវាសាធារណៈរបស់រដ្ឋាភិបាល ។
លោកបន្តថា ចំពោះការចោទប្រកាន់ថា លំហសង្គមស៊ីវិលត្រូវបានរឹតត្បិត គឺមិនត្រឹមត្រូវទេ ព្រោះវត្តមានអង្គការសង្គមស៊ីវិលចុះបញ្ជីជិត៦.០០០ កំពុងប្រតិបត្តិការប្រកបដោយថាមវន្តនិងគ្មានការបង្អាក់រំខានហើយ បាននិងកំពុងបោះពុម្ពផ្សាយរបាយការណ៍និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្ត។ ភាពជាដៃគូកាន់តែជិតស្និទរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលក៏ត្រូវបានលើកតម្កើងតាមរយៈយន្តការពិគ្រោះយោបល់ជាទៀងទាត់។ បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់ សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្ដុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។
លោកគូសបញ្ជាក់ថា រាល់វិធានការផ្លូវច្បាប់និងរដ្ឋបាលទាំងអស់សុទ្ធសឹងតែត្រូវបានអនុវត្តនៅក្នុងព្រំដែននៃច្បាប់។ ម្យ៉ាងទៀត រាល់ការចោទប្រកាន់ផ្សេងៗដែលត្រូវបានបញ្ជូនទៅតុលាការ គឺពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងការរំលោភរដ្ឋធម្មនុញ្ញ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវការជំនុំជម្រះស្របតាមច្បាប់ ។
លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាធានានូវការអនុវត្តរាល់សិទ្ធិនិងសេរីភាពមូលដ្ឋានក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ៕ ដោយ ស.សំណាង