ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ និងបរិយាយទៅលើសំដីរបស់លោក សម រង្ស៊ី ដែលចង់បានការដោះស្រាយ លើផ្នែកនយោបាយក្នុងគោលបំណង ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមានសេរីភាព និងឲ្យអតីតបក្សសង្រ្គោះជាតិ រស់ឡើងវិញនោះគឺលោកថា មិនអាចទៅរួចទេ ។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសសាលក្រម ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោត ។ ព្រះរាជអាជ្ញាបានចោទប្រកាន់ លើអតីតមេបក្សប្រឆាំងនេះពីបទឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសនៃការវិលត្រឡប់ ចូលស្រុកវិញក្នុងព្រឹត្តិការណ៍ថ្ងៃទី៩ ខែវិច្ឆិកា ២០១៩ ។ ក្នុងនោះ កូនចៅជំនិតរបស់លោក សម រង្ស៊ី ប្រមាណជាជិត ១០នាក់ទៀត ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ២០ទៅ២២ឆ្នាំដែរ ។
ក្រោយសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមបែបនេះហើយ លោក សម រង្ស៊ីតាមរយៈវិទ្យុអាស៊ីសេរីបានលើកឡើងថា “សំណុំរឿងរបស់បក្សប្រឆាំងនឹង ត្រូវបញ្ចប់តាមផ្លូវនយោបាយ”។
លោក សម រង្ស៊ីមកដល់ពេលនេះត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារជិត ៦០ឆ្នាំ ដោយសារមានរឿងក្តីជាច្រើន ។
ដោយសារឃើញនូវចំណុចទាំងអស់ នៃការលើកឡើងរបស់លោក សម រង្ស៊ី លោក សយ សុភាពដែលជាអ្នកចូលចិត្តបរិយារឿងនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននាព្រឹកថ្ងៃ២ មីនាថា “គ្មានដំណោះស្រាយបែបនេះទាល់តែសោះ។ គ្មានទេឈ្មោះ គណបក្សសង្គ្រោះជាតិសម្រាប់ចូលរួម បោះឆ្នោតខាងមុខនៅស្រុកខ្មែរ។ ជំរើសអាចសកម្មជននយោបាយ បង្កើតគណបក្សថ្មី ។
លោកថា ចំណែក លោក សម រង្ស៊ី និងមនុស្សជំនិតរបស់គាត់ មិនអាចមូលស្រុកបានទេ។ ពួកនេះប្រៀបបានទៅក្រុមលន់ណល់។
លោក សយ សុភាព បានឌឺដងទៅកាន់លោក សម រង្ស៊ីបន្តថា អាមេរិកដូរសន្លឹកបៀរ ព្រោះចិនមានប្រៀបនៅក្នុងតំបន់ ពិសេសអាស៊ាន។
ពាក់ព័ន្ធចំណុចលោក សយ សុភាពថា សកម្មជននយោបាយបង្កើតគណបក្សថ្មីនោះ គឺកាលពីថ្ងៃ១ មីនា លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានយកសុំណុំឯកសារនានាទៅដាក់ នៅក្រសួងមហាផ្ទៃបានស្នើសុំចុះបញ្ជីគណបក្ស “កែទម្រង់កម្ពុជា” ជាផ្លូវការហើយ៕