នយោបាយ

វិភាគ ៖ យោធាមីយ៉ាន់ម៉ា នៅតែបង្ក្រាបក្រុមបាតុករ ខណៈលោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ ២ករណីទៀត

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយនៅថ្ងៃអង្គារ ទី២ ខែមីនានេះថា កងកម្លាំងយោធា របស់សហភាពមីយ៉ាន់ម៉ា នៅតែបន្ត បង្ក្រាប ក្រុមបាតុករនៅទីក្រុង សេដ្ឋកិច្ចសំខាន់ៗ ដូចជាទីក្រុង ណៃពិដោ និងទីក្រុងយ៉ាងហ្គោន ជាដើម ខណៈដែលក្រុមបាតុករ ក៏នៅតែបន្តធ្វើបាតុកម្ម ដោយមិនញញើតនឹងការបង្ក្រាប ។

ការិយាល័យសិទ្ធមនុស្ស របស់អង្គការសហប្រជាជាតិ បានអោយដឹងថា គិតត្រឹមថ្ងៃអង្គារនេះ មនុស្សចំនួន២១នាក់ បានបាត់បង់ជីវិត ដោយសារគ្រាប់កាំភ្លើង របស់កងកម្លាំងយោធា ក្នុងក្បួនបាតុកម្ម នៅសហភាពមីយ៉ានម៉ា រាប់បញ្ចូលទាំងមនុស្ស១៨នាក់ដែលបានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ។

ប្រភពពីអ្នកយកព័ត៌មាន របស់ប្រទេសបារាំង បានអោយដឹងថា ចំនួនមនុស្សស្លាប់ក្នុងក្បួនបាតុកម្ម កាលពីថ្ងៃអាទិត្យ គឺមានតែប្រមាណ១០នាក់ទេ ហើយប្រភពពីកងកម្លាំងយោធា គឺមានមនុស្សស្លាប់តែ៦នាក់ប៉ុណ្ណោះ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់មានទិន្នន័យ ជាក់លាក់ ស្តីពីចំនួនមនុស្សក្នុងក្បួន បាតុកម្មនៅឡើយទេ ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីដើមខែកុម្ភៈ រហូតដល់បច្ចុប្បន្ននេះ កងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុករ ប៉ុន្តែនៅថ្ងៃអង្គារនេះ កងកម្លាំងយោធាបានចាប់ផ្តើមប្រើប្រាស់គ្រាប់បែកផ្សែង ក្នុងការបំបែកហ្វូងបាតុករ ដែលជាការប្រើប្រាស់លើកដំបូង ចាប់តាំងពីក្បួនបាតុកម្មផ្ទុះឡើង ។

ចំណែកលោកស្រី អ៊ុងសាន ស៊ូជី ដែលមេដឹកនាំតាមជាក់ស្តែង របស់រដ្ឋាភិបាលស៊ីវិល ដែលត្រូវកងកម្លាំងយោធា ធ្វើរដ្ឋប្រហារទម្លាក់ចេញ ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃអង្គារនេះដែរ ក្នុងសវនាការចោទប្រកាន់ មេដឹកនាំរូបនេះ ចំនួន២ករណីបន្ថែមទៀត លើកបទចោទប្រកាន់២ករណី ដែលសរុបបទចោទប្រកាន់ បានកើនឡើងដល់៤ករណី ។

លោក Nay Tu មេធាវីការពារក្តី របស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា ២ករណីថ្មី ដែលកងកម្លាំងយោធា បានចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី នោះគឺបទល្មើសពាក់ព័ន្ធ នឹងការបំពានច្បាប់ស្តីពីទូរគមនាគមន៍ និងបទល្មើសពាក់ព័ន្ធនឹងការបំផុស អោយមានអសន្តិសុខសង្គម នៅក្នុងប្រទេសនេះ ។

សូមរំលឹកជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ស៊ីវិល កងកម្លាំងយោធា បានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ចំនួន២ករណីដែរ គឺបទល្មើសពាក់ព័ន្ធ នឹងការបំពានច្បាប់ ពាណិជ្ជកម្ម ដោយនាំចូលវិទ្យុទាក់ទង និងបទល្មើសពាក់ព័ន្ធ នឹងការបំពានវិធានការ សុខាភិបាលប្រឆាំង នឹងការឆ្លងរាលដាលវីរុស Covid-19 ដោយបង្កអោយមានការជួបជុំ ។

លោក Min Min Soe មេធាវីការពារក្តីម្នាក់ទៀត របស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា នៅក្នុងសវនាការចោទប្រកាន់នោះ លោកស្រីមេដឹកនាំ តាមជាក់ស្តែងរូបនេះ មានសុខភាពល្អធម្មតាទេ ហើយក្រុមមេធាវីរបស់លោកស្រី បានព្យាយាមចូលជួបលោកស្រី អ៊ុងសាន ស៊ូជី ជាច្រើនលើក ប៉ុន្តែកងកម្លាំងយោធាមិនអោយចូលជួប ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវកងកម្លាំងយោធា ដាក់ឃុំនៅក្នុងគេហដ្ឋានផ្ទាល់ របស់លោកស្រី នៅទីក្រុង ណៃពិដោ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីរបបសឹកបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ។

លោក Min Min Soe បានបន្ថែមថា លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងត្រូវបានបង្ហាញមុខជាសាធារណៈម្តងទៀតនៅថ្ងៃទី១៥ ខែមីនានេះ នៅក្នុងសវនាការចោទប្រកាន់ លើលោកស្រីទាំង៤ករណីខាងលើនេះ ។

ដើមចមនាំអោយកើតរឿង

លោក Nay Tu មេធាវីការពារក្តី របស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា ដើមចមដែលនាំអោយរបបសឹកបង្កើន ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី គឺដោយសាររបបសឹកមានបំណង ដាក់បន្ទុកបន្ថែមលើមេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ។

លោក Nay Tu បានបន្ថែមថា សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស អូស្ត្រាលី រួមទាំងអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានដាក់ទណ្ឌកម្មលើរបបសឹកសហភាពមីយ៉ានម៉ា ប៉ុន្តែចំណាត់ការទាំងអស់ខាងលើនេះ មិនអាចបន្ទន់ជំហរ របស់របបយោធាបានទេ ។

លោក Josep Borrell ប្រមុខការទូត របស់សហភាពអឺរ៉ុប បាននិយាយថា របបសឹកមិនត្រឹមតែព្យាយាម រកកំហុសរបស់លោកស្រី អ៊ុងសាន ស៊ូជី នោះទេ សូម្បីតែមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ក្នុងជួររដ្ឋាភិបាលស៊ីវិល ក៏អាចនឹងរងការចោទប្រកាន់ពីរបបសឹកដែរ ហើយមេដឹកនាំទាំងនោះ អាចនឹងត្រូវឃុំខ្លួន រយៈពេលយូរ ៕
ដោយ ៖ អ៊ី ជិន

To Top