ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។

រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។
រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕

