ព័ត៌មានជាតិ

សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃ ប.ស.ស. ត្រូវបានលើកយកមក ប្រជុំពិភាក្សាបន្តលើកទី២

ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស.នេះ ត្រូវបានលើកយកមក ប្រជុំពិភាក្សាបន្តលើកទី២នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដែលមានវត្តមានចូលរួមពីមន្ត្រីជំនាញសំខាន់ៗផងដែរ។

លោក អ៊ុក សមវិទ្យា បានថ្លែងបញ្ជាក់សារជាថ្មីថា ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស.នេះ បង្កើតឡើងមានតួនាទីត្រួតពិនិត្យ តាមដានការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ។

សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. នេះ មានសារសំខាន់ណាស់ទាក់ទង ទៅនឹងការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។

ការបង្កើតឱ្យមានក្រុមប្រឹក្សាវេជ្ជសាស្ត្រខាងលើនេះ ក្នុងគោលដៅដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃកិច្ចព្រមព្រៀង ដែលបានកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាព របស់សមាជិក ប.ស.ស. ឲ្យបានច្បាស់លាស់ ស្របទៅតាមគោលនយោបាយជាតិគាំពារសង្គមកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពទាន់ពេលវេលា។

លោកអគ្គនាយក បានបញ្ជាក់ថា កន្លងមកសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ ត្រូវបានប្រជុំពិភាក្សា និងកែសម្រួលនូវចំណុចខ្វះខាតមួយចំនួនម្តងរួចមកហើយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅហើយឆ្លងកាត់ នៃកិច្ចប្រជុំពិភាក្សាលើកទី២នេះ ឃើញថា សេចក្ដីព្រាងអនុក្រឹត្យនេះ មានវិសាលភាពកាន់តែច្បាស់លាស់ល្អប្រសើរ ជាងមុនដែលអាច ដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យ និងអនុម័តសម្រេច នៅពេលខាងមុខបាន៕

To Top