ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩

ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ ទីតាំងមន្ទីរពេទ្យរស្ស៊ី ទីតាំងមណ្ឌលសុខភាពចាក់អង្រែក្រោម ទីតាំងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) និងចូលសួរសុខទុក្ខកម្លាំងអាវុធហត្ថដែលឈរជើងនៅ សាលារាជធានីភ្នំពេញ ត្រៀមអន្តរាគមន៍ទៅតាមគោលដៅសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក ផ្សេងៗតាមការចាំបាច់ ។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ និងធ្វើចត្តាឡីស័ក មានរហូតដល់ទៅ១២២ទីតាំង ក្នុងរាជធានីភ្នំពេញ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយ គណៈបញ្ជាការ រាជធានីភ្នំពេញ ក៏ដូចជា កម្លាំងនគរបាល ដើម្បីប្រចាំការការពារ ត្រួតពិនិត្យ និងបានរឹតត្បិត នៃការចេញចូល នៅក្នុងតំបន់ ឬទីតាំង ដែលត្រូវហាមឃាត់ ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ (COVID-19) ចំនួន៩៨ទីតាំង ដោយប្រើប្រាស់កម្លាំងចំនួន៨០៧នាក់ ចែកជាបីវេនការពារទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ ចំពោះអ្នកចង់គេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចចេញពីកន្លែព្យាបាល។

ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារក៏បាននាំយកនូវ អាហារសម្រន់ និងភេសជ្ជៈ ជូនដល់កងកម្លាំង និងឆ្លៀត ត្រួតពិនិត្យនូវសម្ភារៈគ្រឿងបំពាក់សម្រាប់ត្រៀម អន្តរាគមន៍ចាប់បង្ខំ បុគ្គលដែលគេចវេសមិនធ្វើចត្តាឡីស័ក និងមិនព្រមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងត្រួតពិនិត្យនូវការ ហ្វឹកហាត់យុទ្ធវិធី ដែលកម្លាំងអាវុធហត្ថរាជធានី ត្រៀមលក្ខណៈទុកជាមុននៅតាមទីតាំងឈរជើងការពារមណ្ឌលសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក ក៏ដូចជា សាលារាជធានីភ្នំពេញ ដើម្បីត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាពខ្ពស់៕

To Top