Covid-19

មនុស្សជាង៧០០នាក់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក ក្រោយរកឃើញ ជនជាតិចិនម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅស្រុកកោះធំ

ភ្នំពេញ៖ មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅក្នុងកាស៊ីណូ «យ៉ុងយ័ន» ដែលមានទីតាំងស្ថិតនៅស្រុកកោះធំ ក្រោយរកឃើញបុរសជនជាតិចិនម្នាក់ មានវិជ្ជមានកូវីដ១៩។

ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកចុះត្រួតពិនិត្យទីតាំង កាស៊ីណូយីហោ «យ៉ុងយ័ន» ផងដែរ ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានឱ្យដឹងថា កាស៊ីណូ និងសណ្ឋាគារមួយកន្លែងនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ទាប់ពីរកឃើញថា មានជនជាតិចិនពីរនាក់ បានមកលេងនៅកាស៊ីណូនេះ កាលពីកំឡុងមុនថ្ងៃទី២០ ខែកុម្ភៈ ហើយអាជ្ញាធរខេត្ត បានធ្វើការបិទទីនេះជាបណ្ដោះអាសន្ន ដោយបានណែនាំដល់អាជ្ញាធរស្រុក មន្ត្រីសុខាភិបាល និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវហាមឃាត់ភ្ញៀវ ដែលមកលេងកំសាន្ត និងបុគ្គលិករបស់កាស៊ីណូ មិនអនុញ្ញាតអោយចេញក្រៅពី បាករវេនកាស៊ីណូឡើយ ហើយត្រូវធ្វើចត្តាឡីស័ក នៅទីនេះទាំងអស់។ ជាងនេះទៅទៀត អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការយាមកាម ដើម្បីថែរក្សានូវសុវត្ថិសុខ ព្រមទាំងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចេញមកខាងក្រៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កឡើយ។

សម្រាប់ទីតាំងកាស៊ីណូ នេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយលោកអភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរស្រុក មន្ត្រីសុខាភិបាល និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវហាមឃាត់ភ្ញៀវដែលមកលេងកំសាន្ត និងបុគ្គលិករបស់កាស៊ីណូ មិនឲ្យចេញក្រៅ ពីបរិវេនកាស៊ីណូឡើយ ហើយត្រូវធ្វើចត្តាឡីស័ក នៅទីនេះទាំងអស់ ៕

To Top