ភ្នំពេញ ៖ តាមរយៈរូបភាពមួយសន្លឹក ដែលបង្ហាញដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសបញ្ជាក់ឲ្យឃើញអ៊ុំៗ តាៗ កំពុងសម្រុកនាំគ្នាទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនបានគោរព តាមការណែនាំ របស់ក្រសួង គឺការរក្សាគម្លាតបុគ្គលនោះឡើយ ។
ទាក់ទិនបញ្ហានេះដែរ លោក ខៀវ កាញារីទ្ធ បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ មីនានេះថា «ទោះជឿលើប្រសិទ្ធភាព វ៉ាក់សាំងយ៉ាងណាក៏ដោយ ការរក្សគម្លាតគឺជាការចាំបាច់ និង ជាកាតព្វកិច្ច – ពេទ្យកុមារជាតិ ព្រឹកថ្ងៃសៅរ័ទី៦ មីនា ២០២១» ។
ជាមួយគ្នានោះក៏អ្នកលេង បណ្ដាញសង្គមជាច្រើន បានបញ្ចេញជាមតិយោបល់ថា គួរតែមានអ្នកចាំ រៀបចំសណ្ដាប់ធ្នាប់ ឲ្យពួកគាត់តំរង់ជាជួរ ដោយរក្សាគម្លាត ពីបុគ្គលម្នាក់ ទៅម្នាកទៀត ឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច វិធានការ ៣ការពារ និង៣កុំ ដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ ។
ជាក់ស្ដែងមានអ្នកលេងហ្វេសប៊ុកចូលខមិនថា «មានអ្នករៀបសណ្តាប់ធ្នាប់ ឲ្យពួកគាត់តំរង់ជួរ ឬយ៉ាងណាអ៊ុំ? គ្រប់ទីកន្លែងគួរមាន ក្រុមរៀបចំសណ្តាប់ធ្នាប់ ព្រោះខ្មែរយើងមួយចំនួនពូកែ ខាងត្បុលយកមុនជានិច្ច» ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ មីនាកន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យក្រសួងសុខាភិបាល ប្រញាប់ប្រញាលចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ជូនមន្ត្រីមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ ។
សូមរំលឹកផងដែរថា គិតត្រឹមព្រឹកថ្ងៃទី៦ មីនា កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៩១នាក់ និងចំនួន ៤៦១នាក់ទៀត កំពុងសម្រាកព្យាបាល ៕