ព័ត៌មានជាតិ

សត្វឆ្កែមួយលានក្បាល​ ត្រូវបានសម្លាប់ អង្គការ FOUR PAWS ចុះបិទកន្លែង សត្តឃាតដ៏ធំមួយ នៅកម្ពុជា និងបានសង្គ្រោះ សត្វឆ្កែ ១៦ ក្បាល

ភ្នំពេញ ៖ អង្គការសុខុមាលភាពសត្វ សកលលោក FOUR PAWS បានបិទកន្លែងសំលាប់សត្វឆ្កែ ដ៏សាហាវមួយនៅស្គន់ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ និងបានជួយសង្គ្រោះសត្វឆ្កែ ១៦ ក្បាលបន្ថែមទៀត ។ ទីសត្តឃាត ត្រូវបានគេចាត់ទុកថា ជាអ្នកផ្គត់ផ្គង់សាច់ឆ្កែ ដ៏សំខាន់នៅក្នុងតំបន់ ។

ចាប់តាំងពីបើកកន្លែងនេះ នៅឆ្នាំ ១៩៩៥ ម្ចាស់ទីតាំងបានអះអាងថា គាត់បានពន្លិចសត្វឆ្កែ ក្នុងទឹករហូតដល់ទៅ ២០០ក្បាលក្នុងមួយថ្ងៃ និងផ្គត់ផ្គង់សាច់ឆៅដល់ភោជនីយដ្ឋាន លក់សាច់ឆ្កែ នៅក្នុងនិងជុំវិញរាជធានីភ្នំពេញ ។ អង្គការ FOUR PAWS បានយកសត្វឆ្កែ ដែលត្រូបបានជួយសង្គ្រោះទាំងនោះ ទៅឱ្យអង្គការដៃគូ ក្នុងស្រុករបស់ពួកគេ ហើយនិងកំពុងរៀបចំ ឱ្យគេយកទៅចិញ្ចឹម ។ នៅប្រទេសកម្ពុជា មានសត្វឆ្កែប្រមាណ ៣ លានក្បាល ដែលភាគច្រើន ជាសត្វចិញ្ចឹម ដែលត្រូវបានចោរលួច ត្រូវបានគេសម្លាប់ យកសាច់ជារៀងរាល់ឆ្នាំ ។

អង្គការ FOUR PAWS បានដឹងអំពីទីតាំង ទីសត្តឃាត ដែលស្ថិតនៅម្ដុំស្គន់មួយនេះ តាមរយៈការស៊ើបអង្កេត លើការជួញដូរសាច់ឆ្កែនិងឆ្មា នៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន ។ ក្រុមការងារក្នុងស្រុក របស់អង្គការ FOUR PAWS បានទៅជួបជាមួយម្ចាស់ទីតាំង ជាច្រើនដង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីគាត់បានទាក់ទងរកជំនួយ ដើម្បីដើរចេញពីការ រកស៊ីលក់សាច់ឆ្កែបន្ដទៀត ។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វ អនាថា នៅអាស៊ីអាគ្នេយ៍ បានរាយការណ៍ថា “ ទីសត្តឃាតមួយនេះ គឺជាកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលក្រុមរបស់យើងបានប្រទះ ។ នៅពេលដែលយើងបានរកឃើញអាងទឹក ស៊ីម៉ងត៍ពីរជាន់ វាបានបញ្ជាក់យ៉ាងច្បាស់ដល់យើងថា កន្លែងសំលាប់សត្វនេះ ត្រូវបានរចនាឡើង សំរាប់សំលាប់រង្គាល ។ ក្នុងរយៈពេល ២៥ ឆ្នាំនេះ សត្វឆ្កែជាងមួយលានក្បាល ត្រូវបានពន្លិចក្នុងទឹក នៅឯទីសត្តឃាតមួយនេះ ។ ការអនុវត្តនៃការពន្លិចទឹកសត្វឆ្កែទាំងរស់នេះ បង្កឱ្យមានភាពឈឺចាប់យ៉ាងខ្លាំង ដល់សត្វ ហើយការធ្វើបែបនេះ គឺវាពិតជាមិនបាន សូម្បីតែអនុលោមតាមស្តង់ដារអន្តរជាតិ នៃមនុស្សធម៌ណាមួយ ទាល់តែសោះ ។

សត្វឆ្កែ ១៦ ក្បាល ដែលយើងបានរកឃើញនៅនឹងកន្លែង គឺជាសត្វរស់រានមានជីវិត ពីការអនុវត្តន៍បុរាណដ៏ គួរឱ្យរន្ធត់មួយនេះ ដែលមិនគួរអោយមានវត្តមាន នៅក្នុងសង្គមទំនើបមួយនេះទេ ។” អតីតម្ចាស់ទីសត្តឃាត បានធានាដល់អង្គការ FOUR PAWS និង អាជ្ញាធរក្នុងតំបន់ ថាគាត់នឹងលែងចូលរួម ក្នុងជួញដូរសាច់ឆ្កែទៀតហើយ ។ អង្គការ FOUR PAWS កំពុងសម្របសម្រួល ការផ្លាស់ប្តូរជីវិតរបស់គាត់ ពីកន្លែងសត្តឃាត ទៅជាហាងទំនិញទូទៅ និងអាជីវកម្មសំណង់ ។

សត្វឆ្កែ សរុបចំនួន ៧៧ ក្បាល ត្រូវបានជួយសង្គ្រោះ ក្នុងរយៈពេលពីរសប្តាហ៍សត្វឆ្កែដែលជួយសង្គ្រោះទាំង ១៦ ក្បាល ឥឡូវនេះបានចូលរួម ជាមួយឆ្កែចំនួន ៦១ ក្បាល ដែលត្រូវបានជួយសង្រ្គោះកាលពីថ្ងៃទី២១ខែកុម្ភះកន្លងទៅនេះ។

មន្ទីរកសិកម្មខេត្តសៀមរាប បានរកឃើញសត្វឆ្កែ ត្រូវបានដាក់ប្រជ្រៀតគ្នា ចូលទៅ ក្នុងទ្រុងតូចៗ ចំនួន ៦ ក្នុងឡានទួរីសតូចមួយ ធ្វើដំណើរឆ្លងកាត់ខេត្ត ទៅកាន់ទីសត្តឃាត ដោយចំណាយពេលជាច្រើនម៉ោង ។ ទោះបីជាការជួញដូរសាច់ឆ្កែ ត្រូវបានហាមឃាត់ជាផ្លូវការ នៅខេត្តសៀមរាប ចាប់តាំងពីខែកក្កដាឆ្នាំ ២០២០ ក៏ដោយ ក៏វាជាលើកទី ១ ដែលឆ្កែត្រូវបានរឹបអូសជួយសង្រ្គោះ ដោយរដ្ឋាភិបាលនៅកម្ពុជា ។
ដោយធ្វើការរួមគ្នា ជាមួយដៃគូក្នុងស្រុក របស់ខ្លួនគឺ “អង្គការសង្គ្រោះសត្វកម្ពុជា” នៅភ្នំពេញ និង “Paw Patrol Cambodia” នៅខេត្តសៀមរាប អង្គការ FOUR PAW កំពុងផ្តល់ការថែទាំសុខភាព និងរៀបចំឆ្កែចំនួន ៧៧ ក្បាល សម្រាប់ការទទួលចិញ្ចឹម ពីអ្នកស្រលាញ់សត្វ ។ អង្គការ FOUR PAWS បានរកឃើញកន្លែង សំលាប់សត្វ ដែលមានបរិមាណច្រើន និងភោជនីយដ្ឋានលក់សាច់ឆ្កែ រាប់រយនៅទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនស្ថិត នៅក្នុងរាជធានីភ្នំពេញ ។

លោកស្រីបណ្ឌិត ប៉ូឡាក់ មានប្រសាសន៍ថា “អន្តរាគមន៍ដំបូង របស់អាជ្ញាធរមូលដ្ឋាន និងការហាមឃាត់ការជួញដូរសាច់ឆ្កែ នៅខេត្តសៀមរាប ក៏ដូចជាការបិទកន្លែង សត្តឃាតមួយទៀត គឺជាសារយ៉ាងសំខាន់ថា ការជួញដូរសាច់ឆ្កែ ត្រូវតែបញ្ឃប់ជាដាច់ខាត” ។
គ្រោះថ្នាក់នៃជួញដូរសាច់ឆ្កែនិងឆ្មា ។

ការស្រាវជ្រាវរបស់អង្គការ FOUR PAWS មិនត្រឹមតែបង្ហាញថា ការធ្វើការជួញដូរសាច់ឆ្កែនិងឆ្មា ពាក់ព័ន្ធនឹងភាពសាហាវឃោរឃៅ ទៅលើសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីហានិភ័យ ចំពោះសុខភាពសាធារណៈផងដែរ ។ នៅទ្វីបអាស៊ី មានសត្វឆ្កែនិងឆ្មា ប្រហែល ៣០ លានក្បាលដែលជាសត្វអនាថា ក៏ដូចជាសត្វចិញ្ចឹមផងដែរ ត្រូវបានគេលួចនិងសម្លាប់យកសាច់របស់ពួកគេ។
លក្ខខណ្ឌគ្មានអនាម័យ និងភាពឃោរឃៅក្នុងកំឡុងពេល ដឹកជញ្ជូន ផ្ទុក និង សម្លាប់ វាជាកន្លែងបង្កាត់វីរុស ឆ្លងពីសត្វទៅមនុស្ស ។ សត្វឆ្កែនិងឆ្មាជាច្រើន តែងតែត្រូវ បានគេសម្លាប់ និងលក់ជាមួយសត្វព្រៃ នៅតាមទីផ្សារលក់សត្វរស់ ។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធាន ផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “ជំងឺរាតត្បាត កូវីដ១៩ បានបង្ហាញ ពីហានិភ័យ ដែលទាក់ទង នឹងការជួញដូរសត្វរស់ ។ ជំងឺឆ្កែឆ្កួត និង ជំងឺអាសន្នរោគ គឺជាជំងឺពីរ ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងការជួញដូរសាច់ឆ្កែនិងឆ្មា។ សត្វឆ្កែនិងសត្វឆ្មា អាចដើរតួជាកត្ដាដ៏សំខាន់ សម្រាប់ការកើតមាននិងរាលដាល នៃភ្នាក់ងារបង្ករោគពីសត្វទៅមនុស្ស ។

ដូច្នេះយើងមិនអាចច្រានចោល បានទេថា ការរាតត្បាត បន្ទាប់អាចមក ពីការជួញដូរសាច់ឆ្កែ និងឆ្មា ហើយឥឡូវនេះគឺជាពេលវេលាមួយយ៉ាង សាកសម ដើម្បីធ្វើសកម្មភាព ក្នុងការបញ្ចប់ ការជួញដូរនេះ ។” មនុស្សជាងមួយលាននាក់ នៅទូទាំងពិភពលោក បានប្រកាន់ ជំហរប្រឆាំង នឹងការជួញដូរសាច់ឆ្កែនិងឆ្មា ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែ និងឆ្មាប្រកបដោយនិរន្តរភាព នៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការ មួយថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ នៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី ។

ប្រជាជនជាងមួយលាននាក់ នៅទូទាំងពិភពលោក បានចុះហត្ថលេខាលើញត្តិ រួចហើយដើម្បីបញ្ចប់ការជួញដូរ ដ៏ឃោរឃៅមួយនេះ ។ តាមរយៈការងារ និង កិច្ចសហប្រតិបត្តិការ អប់រំជាមួយអាជ្ញាធរ និង សមាគមទេសចរណ៍ យើងមានគោលបំណង ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាល ឱ្យណែនាំច្បាប់ សុខុមាលភាព សត្វហាមឃាត់ការ ជួញដូរដ៏ឃោរឃៅ ។ លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រដល់អង្គការ និង សហគមន៍សុខុមាលភាព សត្វក្នុងមូលដ្ឋានជាមួយកម្មវិធី គ្រប់គ្រងចំនួនសត្វឆ្កែនិងឆ្មា ប្រកបដោយចីរភាព ។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាព សុខុមាលភាពសត្វ DMFI និង ACPA ក្នុងការប្រឆាំងការជួញដូរ នៅអាស៊ីអាគ្នេយ៍ ៕

To Top