ព័ត៌មានជាតិ

ម្ចាស់អាជីវកម្ម ទេសចរណ៍ដែលមិន សហការផ្តល់ព័ត៌មាន ពាក់ព័ន្ធជំងឺកូវីដ នឹងត្រូវប្រឈម មុខច្បាប់


ភ្នំពេញ៖​ ក្រសួងទេសចរណ័បានប្រកាសឲ្យដឹងថាម្ចាស់ អាជីវកម្មទេសចរណ៍ដែលមិនសហការ ផ្តល់ព័ត៌មានពាក់ព័ន្ធជំងឺកូវីដនឹងត្រូវប្រឈមមុខច្បាប់ ដកហូត អាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្ម។

ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែម ចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១៖ ចំពោះភ្ញៀវទេសចរជាជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី ស្របតាមខ្លឹមសារមាត្រា ៥០ និងមាត្រា ៦៨ នៃច្បាប់ស្តីពីទេសចរណ៍ បានចែងថា ទេសចរ ឬអ្នកដំណើរកម្សាន្តដែលប្រព្រឹត្តល្មើសនឹងមាត្រា ៥០ នៃច្បាប់នេះ អាចត្រូវលុបចោលទិដ្ឋាការទេសចរណ៍ ហើយបណ្ដេញចេញ ឬហាមឃាត់វត្តមានក្នុងតំបន់គោលដៅទេសចរណ៍នៃកម្ពុជា ក្នុងរយៈពេលកំណត់ណាមួយដែលមិនលើសពី ៥ ឆ្នាំ ឬជាអចិន្ត្រៃយ៍។

២៖ ចំពោះភ្ញៀវទេសចរជាជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

៣៖ ចំពោះទីតាំងអាជីវកម្មទេសចរណ៍ ត្រូវដកហូត អាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្មក្នុងទីតាំង ស្របតាមខ្លឹមសារមាត្រា ៤៤ និងមាត្រា ៤៨ នៃច្បាប់ស្តីពីទេសចរណ៍។ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិដាក់ចេញនូវវិធានការអនុវត្តខាងលើនេះ ចំពោះមូលដ្ឋានអាជីវកម្មទាំងឡាយដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន៕

To Top