ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាល កងកម្លាំង ត្រៀមចូលរួម អន្តរាគមន៍ទប់ស្កាត់ការ រីករាលដាល​ ជំងឺកូវីដ-១៩

ភ្នំពេញ៖​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង ត្រៀមចូលរួមអន្តរាគមន៍​ ទប់ស្កាត់ការរីករាលដាល​ នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០​ នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍​ បានលេីកឡេីងថា​ ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នា កំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនេះ បានបង្កផលប៉ះពាល់ យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាច ក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេស ក៏ដូចជាទូទាំងសកលលោក។ ពេលនេះប្រទេសជាតិ និងប្រជាជនត្រូវការកងកម្លាំងរបស់យើង ដើម្បីចូលរួមទប់ស្កាត់​ជាមួយសត្រូវដែលមើល​មិនឃើញមួយនេះ ដូច្នេះត្រូវត្រៀមលក្ខណៈ​ ក្នុង​ការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិដោយភាពជោគជ័យ​ តាមបទបញ្ជាប្រកបដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួមគ្នា​ ការពារតំបន់ចត្តាទ្បីស័ក​ ឲ្យបានហ្មត់ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គមគ្រួសាររបស់យើង។​ ជាមួយគ្នា​ អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក មានភារកិច្ចទទួលខុសត្រូវ អនុវត្តឲ្យបានជាដាច់ខាត​ នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលខុសត្រូវលើកម្លាំងប្រតិបត្តិការ ដោយផ្តល់ការហ្វឹកហ្វឺនឲ្យបានពេញលេញ និងបំពាក់ឲ្យបានគ្រាប់គ្រាន់ ដើម្បីធានានូវភាពជោគជ័យ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

លោកមេបញ្ជការកងទ័ពជេីងគោក​ បានបន្តថា​ ភារកិច្ចចម្បង​ ក្នុងប្រតិបត្តិការទប់ស្កាត់​ ការរីករាលដាលនៃជំងឺកូវីដ-១៩មានបីដំណាក់កាលធំៗគឺ៖ ទីមួយជាដំណាក់កាលស្រាវជ្រាវរកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាល ទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះកម្លាំងពេទ្យរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។

ឯទីពីរជាដំណាក់កាល​ គ្រប់គ្រងការពារធានា​ ឲ្យបាននូវការរក្សាទុកអ្នកដែលមានការពាក់ព័ន្ធ​ ឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាង​ សកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះ​ នឹងត្រៀមចូលរួមចំណែកនៅពេលដែលមានស្ថានការណ៍​ ចាំបាច់កើតទ្បើង។

ចំណែកឯទីបីគឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះគឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបន្តព្យាបាលបងប្អូនដែលមានករណីវិជ្ជមាន ហើយជាលទ្ធផលមកទល់ពេលនេះអ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជាយើងនៅទ្បើយទេ។

លោកម៉ាណែត​ ក៏សូមអរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាព ដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេស​ ក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញ ដល់ការហ្វឹកហ្វឺននេះ ហើយបានធ្វើការរៀបចំកម្លាំងដែលមានសុខភាពល្អ និងបានទទួលនូវការចាក់ថ្នាំបង្ការរួចរាល់ ព្រមទាំងអរគុណ ដល់កងកម្លាំងរបស់យើង សម្រាប់ទឹកចិត្តមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

To Top