ព័ត៌មានជាតិ

សម្ដេចតេជោ​ បញ្ជាឲ្យយកអ្នកជំងឺ កូវីដ​ ពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ​ មកព្យាបាល ក្នុងសណ្ឋាគារ Great Duke

ភ្នំពេញ​ ៖​ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩​ ពីមណ្ឌលព្យាបាលជំងឺកូវីដ​ ព្រែកព្នៅ​ មកព្យាបាលក្នុងសណ្ឋាគារ​ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់​) វិញ​ ក្រោយពីអ្នកជំងឺកូវីដម្នាក់​ ស្លាប់ដោយសារ​រេីមេថ្នាំញៀនធ្ងន់ធ្ងរ​ បណ្តាលឲ្យគាំងបេះដូង។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ កាលពីថ្ងៃទី៤ ខែមីនា​ ឆ្នាំ២០២១​ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ-១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល​កូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១​មីនា និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល កាលពីថ្ងៃទី៤ មីនា ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផង​នោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗ។

តាមរយៈសារសំឡេង​ នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថា​«ខ្ញុំមានការស្លត់ចិត្តនៅពេលដែលដឹងថា​ កន្លែងចត្តាឡីស័កព្រៃកព្នៅ​ គឺជាកន្លែងដែលមិនមែនជាតំបន់ព្យាបាលទេ តាមដឹងកន្លែងនោះគឺថា អ្នកមិនឈឺយកទៅកន្លែងណុងឈឺបាដោយ ចឹងមិនអាចព្យាបាលបានទេ»​។ 

សម្ដេចតេជោ​ ក៏បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក​ រៀបចំសណ្ឋាគារ​ អាំងត័រកង់ទីណង់តាល់​ ដើម្បីដាក់អ្នកជំងឺកូវីដ-១៩​ មកព្យាបាលនៅសណ្ឋាគារវិញ។

សម្ដេចតេជោ​ បញ្ជាក់យ៉ាងដូច្នេះថា​ «ខ្ញុំសូមចេញបទបញ្ជា រួមគ្នារៀបចំសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ថ្ងៃនឹង យប់នឹង ថ្ងៃស្អែក យប់ស្អែក ថ្ងៃខាន់ស្អែក ដឹកអ្នកជំងឺពីព្រែកព្នៅ ចូលសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ឲ្យខាន់តែបាន។​ គឺខ្ញុំចេញបទបញ្ជា បើសិនធ្វើរបៀបនឹង នេះបានបង្ហាញភាពជាអ្នកដឹកនាំយ៉ាងម៉េច?»​។ 

ជាងនេះទៅទៀត​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏ផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវសម្រុកធ្វើកិច្ចការងារនេះឲ្យបានលឿនបំផុត​ ដើម្បីដឹងអ្នកជំងឺ​ពីព្រែកព្នៅ​ ទៅសណ្ឋាគារ​ អាំងត័រកង់ទីណង់តាល់ ទាំងអស់៕

To Top