ភ្នំពេញ៖ ក្នុងឱកាសខួបទី១១០ ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៏កូវីដ-១៩” លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានលើកឡើងថាទោះក្នុងកាលៈទេសៈណាក៏ដោយ ស្រ្តី ជាដៃគូសំខាន់ និងស្មើរភាពជាមួយនឹងបុរសហើយអ្វីដែលបុរសធ្វើបាន ក៏គង់តែស្រ្តីនឹងអាចធ្វើបានដូចគ្នា។
តាមរយៈគេហទំព័រ ហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា ពិតណាស់ ក្នុងបរិបទកម្ពុជា ភាពសំខាន់នៃស្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមទម្រង់របប “សង្គមមាតាធិបតេយ្យ” ដែលស្មារតីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការឲ្យតម្លៃយ៉ាងខ្ពស់ ទៅដល់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ទាំងក្នុងក្រុមគ្រួសារ និងសង្គម។ក្នុងបរិបទសកល ពាក្យថា “ស្រ្តីជាមាតាពិភពលោក” ជាពាក្យដែលមានអត្ថន័យមិនសាបសូន្យ ដោយពាក្យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវីរភាព ភាពធន់ និងសារសំខាន់របស់ស្ត្រីនៅក្នុងសង្គមជាតិ។
អ្នកតំណាងរាស្រ្តវ័យក្មេង បញ្ជាក់ថា “ទោះក្នុងកាលៈទេសៈណាក៏ដោយ ស្រ្តី ជាដៃគូសំខាន់ និងស្មើរភាពជាមួយនឹងបុរស។ អ្វីដែលបុរសធ្វើបាន ក៏គង់តែស្រ្តីនឹងអាចធ្វើបានដូចគ្នា។ ជាក់ស្តែង ជាមួយនឹងវត្តមាន របស់បុរសជាថ្នាក់ដឹកនាំ និងជាក្រុមគ្រូពេទ្យជួរមុខ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ យើងក៏ឃើញមាននូវវត្តមាន ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជាស្រ្តីជាច្រើនរូប នៅក្នុងបេសកកម្ម ដ៏មានអត្ថន័យនេះផងដែរ”៕