Covid-19

វិប្បដិសារី! បុរសម្នាក់នាំទុក្ខ ដល់ក្រុមគ្រួសារ ព្រោះមិនស្ដាប់តាមការណែនាំ កុំឱ្យចល័តចេញចូល តំបន់កំពុងប្រឈម ជំងឺកូវីដ-១៩ (Video)

ភ្នំពេញ៖ ជាវិប្បដិសារី ដែលមិនអាចបកក្រោយវិញបាន ដោយបុរសម្នាក់ បានបង្ហាញពីការសោកស្តាយ បំផុត ដែលមិនបានអនុវត្តតាម ការអំពាវនាវ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្តីពីការណែនាំ មិនឱ្យចល័តចេញចូល តំបន់ដែលកំពុងរងការ ប្រឈមពីជំងឺកូវីដ-១៩ ។

យោងតាម រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងបន្ថែមថា ដោយសារតែអាការៈ ក្នុងខ្លួនមានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានធ្វើការចាកចេញ ពីសណ្ឋគារ ស៊ីន យីនថៃ ជាកន្លែងធ្វើការរបស់ខ្លួន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមិនបានដឹងខ្លួនថា បានឆ្លងមេរោគកូវីដ-១៩ ឡើយ។ បន្ទាប់ពីទៅដល់ស្រុកកំណើត បុរសរូបនេះត្រូវបាន អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញ បានយក សំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមាន វិរុស កូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល ដោយឡែកក្រុមគ្រួសារ របស់គាត់ និងអ្នកភូមិដែលមាន ការពាក់ព័ន្ធ ក៏ត្រូវបានយកសំណាក និងតាមដានសុខភាព យ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័ក នៅនឹងកន្លែង ហើយអាជ្ញារធរ បានបន្តស្វែងរក អ្នកដែលបានប៉ះពាល់ ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាល ក្នុងសហគមន៍។

បុរសរូបនេះបានបន្តថា ខ្លួនមានការស្តាយក្រោយជាខ្លាំង ដែលធ្វើឱ្យក្រុមគ្រួសារ របស់ខ្លួនមានការលំបាក បើសិនជាអាចខ្លួនសុខចិត្ត ស្នាក់នៅកន្លែងធ្វើការ របស់ខ្លួននោះបានចៀសវាង ការប៉ះពាល់ដល់ពុកម៉ែបងប្អូនរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនទាំងអស់ កំពុងស្នាក់នៅតំបន់ដែលត្រូវបានអំពាវនាវមិនឱ្យចាកចេញ សូមកុំធ្វើការចាកចេញឱ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់បងប្អូននោះទេ។

គិតត្រឹមថ្ងៃទី៨មីនានេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន១០១១នាក់ និងអ្នកសម្រាកព្យាបាល ៤៩៣នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន៥១៧នាក់ ៕

To Top