ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ស្នើអធិការស្រុកសៀមប៉ាង បញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមស្រ្តីនគរបាលបំបៅកូន

ភ្នំពេញ៖ ជាថ្មីម្តងទៀតមេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើអធិការស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមស្រ្តីនគរបាលបំបៅកូន។

លោក ពេជ្រ ស្រស់ បានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកព្រលឹមថ្ងៃ១០ មីនាថា ដោយសារ រូបភាព ១សន្លឹកបំបៅកូន លោកស្រីប៉ូលីសត្រូវថ្នាក់លើ ហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះលោកស្រីប៉ូលីស រៀបរាប់ប្រាប់ថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។

លោកថា “លោកនាយជាទីគោរព! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាព ជាកូនរបស់ស្រ្តីមួយរូប ខ្ញុំសូមលោកនាយ មេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោកស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយត្រូវចិញ្ចឹមកូនគ្រប់ កាលៈទេសៈបែបនេះហើយ”។

លោកបន្តថា ម្យ៉ាងវិញទៀត លោកស្រីប៉ូលីសដែល បានបំបៅកូននេះគឺមិនបាន ប្រព្រឹត្តឲ្យខុសច្បាប់រដ្ឋទេ គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោងការងារ នៅពេលដែលកូនតូច ត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លាន មិនស្គាល់ពេលវេលាទេ។

លោកក៏បានស្នើឲ្យ អធិការស្រុកសៀមប៉ាង គួរអត់ឱនឲ្យពីព្រោះក្នុងនាម ជាម្តាយគឺបែបនេះហើយ ដោយ ម្តាយតែងតែបំពេញ តម្រូវការឲ្យកូនគ្រប់ពេលវេលា។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃ ៩ មីនា អធិការស្រុក សៀមប៉ាង បានហៅនគរបាលស្រ្តីមកធ្វើកិច្ចសន្យា ក្រោយបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថា ប៉ះពាល់ដល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ។ ក្នុងនោះនគរបាលស្ត្រីក៏បានធ្វើកិច្ចសន្យា ដោយឈប់ធ្វើបែបនេះទៀត។ ក្រោយហៅស្រី្តនគរបាលមកធ្វើកិច្ចសន្យា មានមតិរិះគន់យ៉ាងច្រើនទៅលើថ្នាក់ដឹកនាំ ។ ក្នុងនោះក៏មានការប្រៀបធៀប ទៅស្រ្តីរដ្ឋមួយចំនួនរបស់បរទេសផងដែរ ដែលពួកគាត់បំបៅកូនក្នុងពេលបំពេញការងារ ។ ជាក់ស្តែងរដ្ឋសភានៃបរទេស បំបៅកូនក្នុងពេលប្រជុំរដ្ឋសភា ៕

To Top