កណ្ដាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបន្តចុះណែនាំប្រជាពលរដ្ឋ ឲ្យគោរពតាមការណែនាំ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសពង្រឹងការអនុវត្តរបស់ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបណ្តាឃុំមួយចំនួន ដែលជិតភូមិសាស្ត្រអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

លោកអភិបាលស្រុក ក៏បានសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារតាមបណ្តាលឃុំផងដែរ ដោយលោកផ្តាំផ្ញើថា ការរីករាលដាលចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានស្ថានភាពអាក្រក់ ដែលមកទល់នឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ មានអ្នកឆ្លងជំងឺកូវីដ១៩-ក្នុងសហគមន៍ជិត ៦០០នាក់ហើយ។

លោកបន្ដថា ក្នុងកាលៈទេសៈនេះ មិនមែនជារឿងលេងសើចនោះទេ ហើយក៏មិនត្រូវធ្វេសប្រហែសនោះដែរ។ លោកអំពាវនាវ ឲ្យកងកម្លាំងទាំងអស់គ្នាបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ ៣ការពារ» ឲ្យតឹងរឹងបំផុត ជាពិសេសការជួបជុំការរៀបចំពិធីផ្សេងៗ ត្រូវចុះទប់ស្កាត់ និងណែនាំហាមឃាត់ជាបន្ទាន់ ខណៈស្រុកខ្សាច់កណ្តាល មិនទាន់មានអ្នកវិជ្ជមានមេរោគកូវីដ១៩ នៅឡើយទេ។

ជាមួយគ្នានេះ លោកអភិបាលស្រុកខ្សាច់កណ្ដាល បានសំណេះសំណាល និងបាននាំយកម៉ាស់ប្រមាណជាង ៥ពាន់ម៉ាស់ ស្ព្រាយបាញ់សម្លាប់មេរោគ ១០០ដប និងថវិកាមួយចំនួនចែកជូន លើកទឹកចិត្តចំពោះក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារតាមបណ្តាឃុំ និងនាំយកសម្ភារៈជូនដល់មណ្ឌលចត្តាឡីស័ក តេជោសែនវិហារសួគ៌ ផងដែរ៕

