Covid-19

ឡាវ-វៀតណាម ជឿជាក់លើកម្ពុជាថា នឹងទទួលបានជោគជ័យ ទប់ស្កាត់ការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត

ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹង ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាថា នឹងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ លោក ថងលុន ស៊ីសុលីត និង លោក ង្វៀន សួនហ្វ៊ុក បានជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី។

ជំនួបនោះ នាយករដ្ឋមន្រ្តីទាំងបី លើកឡើងនូវសភាពការណ៍វិវត្តន៍ថ្មីៗ ក្នុងប្រទេសរបស់ខ្លួន រួមទាំងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះសម្តេចតេជោកោតសរសើរវៀតណាម ទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅឆ្នាំ២០២០ ទោះបីជាមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ សម្តេចតេជោ ក៏បានអបអរសាទរឡាវ-វៀតណាម ក្នុងការគ្រប់គ្រង ការីករាលដាលជំងឺកូវីដ-១៩ ដោយមានប្រសិទ្ធភាព។

ក្នុងប្រកាស របស់ក្រសួងការបរទេសបញ្ជាក់ថា «លើសពីនេះ នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម បានសម្តែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹង ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត» ។

នាយករដ្ឋមន្រ្តីទាំងបី ក៏បានឯកភាពគ្នា ពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងបីបានឯកភាពគ្នា ក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ ទៅវិញទៅមក ដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវ និងវៀតណាម កំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។

ផ្ទាំងពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តីទាំងបី បានសម្តែងការពេញចិត្តរួមគ្នា ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កំពុងមានការរីកចម្រើន លើគ្រប់វិស័យរវាងប្រទេសទាំងបី ទោះបីស្ថិតក្នុងកាលៈទេសៈ នៃភាពប្រឈមខ្លាំងបណ្តាល ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ថ្នាក់ដឹកនាំទាំងបី បានឯកភាពពង្រឹងបន្ថែម កិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ថាមពល និងអប់រំ។ នៅក្នុងវិស័យការតភ្ជាប់ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពពិចារណា អំពីការដំណើរការឡើងវិញ នូវការហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការផ្លាស់ប្តូរ រវាងប្រជាជននៃប្រទេសទាំងបី។

ទន្ទឹមនេះ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពចាត់តាំង ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តពាក់ព័ន្ធបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងបណ្តាប្រទេសទាំងបី។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១១ មីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៦៥នាក់ ៕

To Top