Covid-19

អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកចាក់វ៉ាក់សាំងស៊ីណូហ្វាម តែបន្តចាក់ដូសទី២ សម្រាប់អ្នកចាក់លើកទី១

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចាក់វ៉ាក់សាំង Sinopharm ដូសទី១សម្រាប់ក្រុមមនុស្ស ដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ មួយរយៈសិន ហើយចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្តចាក់លើកទី២ តាមកាលបរិច្ឆេទ ដែលបានកំណត់ដោយក្រុមគ្រូពេទ្យ ។

រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦ ៦០០ដូស (dose) សម្រាប់ចាក់ជូនមនុស្សក្រុមអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្មើចំនួនមនុស្ស ៣ ៣០០នាក់ នៅពេលនេះ គឺបានចាក់គ្រប់ចំនួន វ៉ាក់សាំងដែលមានរួចហើយ។ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca រដ្ឋបាលខេត្តទទួលបានចំនួន ១៥ ០០០ដូស (dose) ហើយត្រូវចាក់ជូនដល់ក្រុមមនុស្ស ងាយរងគ្រោះមានអាយុ ចាប់ពី ៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា។

រដ្ឋបាលខេត្តបញ្ជាក់ថា «ដោយវ៉ាក់សាំងប្រភេទ Sinopharm ត្រូវបានចាក់អស់គ្រប់ចំនួន ដូច្នេះរដ្ឋបាលខេត្តផ្អាកការចាក់វ៉ាក់សាំង សម្រាប់ក្រុមមនុស្ស មានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ (អ្នកថ្មី) មួយរយៈសិន ដោយត្រូវរង់ចាំការផ្តល់វ៉ាក់សាំងបន្ថែមទៀត ពីក្រសួងសុខាភិបាល។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្តចាក់លើកទី២ តាមកាលបរិច្ឆេទដែលបាន កំណត់ដោយក្រុមគ្រូពេទ្យ» ៕

To Top