ភ្នំពេញ ៖ ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថានបានរកឃើញ ផូស៊ីលឆ្អឹង សត្វជាលើកដំបូង នៅកម្ពុជា ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអាយុកាល ពី៦៥លាន ទៅ១៩០លានឆ្នាំ ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថានកំពុងសិក្សាផូស៊ីលឆ្អឹងក្រោយរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង»។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ ឌនៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានបញ្ជាក់ថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០សង់ទីម៉ែត្រ និងទទឹង២០សង់ទីម៉ែត្រ។

លោកបន្ដថា «នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនង និងសត្វដែលរស់នៅ ក្នុងពេលដែល ដាយណូស័រ នៅមានជីវិត»។

ជាងនេះទៅទៀត ក្រុមការងារ ស្រាវជ្រាវរបស់ក្រសួងបរិស្ថាន នឹងបន្តសិក្សា បន្ថែមទៀត ដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយ ក្នុងការកំណត់ប្រភេទសត្វ៕

