Covid-19

មន្ត្រីទូតចិន អះអាងបន្ថែមថា ខ្លួនកំពុងប្រឹងប្រែង យ៉ាងសស្រាក់ស្រាំ ដើម្បីបញ្ជូនវ៉ាក់សាំង កូវីដ១៩មកដល់កម្ពុជា កាន់តែឆាប់ជាងមុន

ភ្នំពេញ៖ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងអះអាងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងមុននេះបន្តិចថា ស្ថានទូតចិន កំពុងតែខ្នះខ្នែង ដុតដៃ ដុតជើង ដើម្បីបញ្ជូនវ៉ាក់សាំង បន្ថែមទៀតកម្ពុជាកាន់កម្ពុជា ឲ្យបានកាន់តែឆាប់ ដើម្បីឆ្លើយតបតាម តម្រូវការដ៏ចាំបាច់បំផុត របស់ប្រជាជនកម្ពុជា ឲ្យបានកាន់តែលឿន តាមដែលអាចធ្វើទៅបាន មុនការកំណត់។

លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យ នយោបាយ អមស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងក្រោយពីការចុះផ្សាយរបស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លើអត្ថបទព័ត៌មានមួយដែលថា “ស្ថានទូតចិន ប្តេជ្ញាការពន្លឿន បញ្ជូនវ៉ាក់សាំងកូវីដ១៩ មកកម្ពុជាឲ្យបានកាន់តែឆាប់” ដោយបានអះអាងថា “(យើង)កំពុងប្រឹងប្រែងអស់ ឲ្យពីសមត្ថភាព នាពេលនេះ”។

ប្រទេសចិន បានសន្យា ផ្តល់វ៉ាក់សាំងកូវីដ១៩(ស៊ីណូហ្វាម) ចំនួន១លានដូស មកឲ្យប្រទេសកម្ពុជា ហើយចំនួន ៦០ម៉ឺនដូស បានដឹកមកដល់កម្ពុជា កាលពិថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបានចាក់ជូន ប្រជាជនស្ទើរ តែអស់ទៅហើយ ខណៈ៤០ម៉ឺនដូសទៀត នឹងត្រូវមកដល់ នាអំឡុងខែមេសា ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ គេមានជំនឿថា វ៉ាក់សាំង ដែលនៅសល់ ៤០ម៉ឺនដូស នឹងមកដល់កម្ពុជា មិនលើសពី១០ថ្ងៃទៀតនោះទេ ខណៈស្ថានការណ៍នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានសភាពធ្ងន់ធ្ងរ ដោយមានអ្នកជំងឺម្នាក់ បានស្លាប់ម្នាក់ រួចហើយនាថ្ងៃ១១ មីនានេះ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅក្នុងអំឡុងចាក់ វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម លើកទី២ កាលពីថ្ងៃ ៩ មីនា ក៏បានអំពាវនាវសារជាថ្មី ម្តងទៀត ដល់ប្រទេសចិន ក៏ដូចជាស្ថានទូតចិន ប្រចាំកម្ពុជា ឲ្យផ្តល់វ៉ាក់សាំង ជាច្រើនថែមទៀត មកដល់កម្ពុជា ឬក៏លក់ក្នុងតម្លៃធូរថ្លៃ សម្រាប់ប្រទេសកម្ពុជា ដែលជាមិត្តដ៏ជិតស្និត និងជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរបស់ចិន៕

ដោយៈ សយ សុភា

To Top